(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានបញ្ជាក់ថា ចាប់តាំងពីដំណើរការនៅដើមខែកុម្ភៈ ឆ្នាំ២០០៦ រហូតមកដល់ ឆ្នាំ២០២១នេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានដំណើរការរយៈពេល១៥ឆ្នាំហើយ ដោយបានចំណាយថវិកា ដែលបានមកពីការផ្តល់វិភាគទានស្ម័គ្រចិត្តរបស់ក្រុមប្រទេសម្ចាស់ជំនួនូវទឹកប្រាក់៣៣០លានដុល្លារ។
ការបញ្ជាក់បែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី ការបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ ប្រឆាំងនឹង ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជា ធិបតេយ្យ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។
បើតាមលោក នេត្រ ភក្ត្រា បានឱ្យដឹងថា «ក្នុងនោះបានចំណាយថវិកា ដែលបានមកពីការផ្តល់វិភាគទានស្ម័គ្រចិត្តរបស់ក្រុមប្រទេសម្ចាស់ជំនួយចំនួនទឹកប្រាក់ ៣៣០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះភាគីជាតិនៃសាលាក្តី ចំណាយអស់ ៩៤,៧៤លានដុល្លារ និង ភាគីអន្តរជាតិនៃសាលាក្តីខ្មែរក្រហមចំណាយអស់ថវិកាចំនួន ២៣៥,៣៥លានដុល្លារអាមេរិក»។
ជាមួយគ្នានេះ ប្រធាននែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជារូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ អតីតមេដឹកនាំខ្មែរក្រហម ដែលនៅរស់រានមានជីវិត១នាក់ កំពុងស្ថិតនៅក្នុង ដំណាក់កាលជំនុំជម្រះ នៃសំណុំរឿង ០០២/០២ ដែលជាផ្នែកចុងក្រោយនៃសំណុំរឿង ០០២ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម៤រូប។ ជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ (ប្រមុខរដ្ឋ) នៃរបបកម្ពុជាប្រជាធិបតេយ្យ និងបច្ចុប្បន្នមានអាយុ៩១ឆ្នាំ។ ជនជាប់ចោទរូបនេះ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ (ឧក្រិដ្ឋកម្មសង្គ្រាម) និងអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម។
ជនជាប់ចោទជាអតីតមេដឹកនាំខ្មែរក្រហម ៣រូបទៀត បានស្លាប់បាត់បង់ជីវិត ក្នុងនោះទី១៖ នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជន បានស្លាប់នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ក្នុងអំឡុងពេលនៃបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ដែលគាត់ត្រូវបានអង្គជំនុំជម្រះសាលាដំបូងផ្តន្ទាទោសជាមួយ ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត។
សំណុំរឿង ០០២/០១ ប្រឆាំង នួន ជា និង ខៀវ សំផន ត្រូវបានបិទបញ្ចប់ជាស្ថាពរដោយអង្គជំនុំជម្រះតុលាការកំពូលបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
សូមជម្រាបថា អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបើកសវនាការបឋមលើសំណុំរឿង ០០២ ប្រឆាំងអតីតមេដឹកនាំខ្មែរក្រហម នួន ជា ខៀវ សំផន អៀង សារី និង អៀង ធីរិទ្ធ នៅខែមិថុនា ឆ្នាំ២០១១។ ចាប់ពីពេលនោះមក យ៉ាង ហោចណាស់ក៏សំណុំរឿង០០២ ត្រូវបានបំបែកទៅជាសវនាការដាច់ដោយឡែកពីគ្នា ដែលសវនាការនីមួយៗដោះស្រាយផ្នែកផ្សេងគ្នានៃដីកាបញ្ជូនរឿងទៅជំនុំជម្រះ។
ការបំបែកសំណុំរឿងជា២នេះដោយសារយោងទៅលើទី១៖ វិសាលភាពនៃសំណុំរឿង ០០២ មានទំហំធំដែលគ្របដណ្តប់លើឧក្រិដ្ឋកម្មដែលបានកើតឡើងនៅទូទាំង ប្រទេសកម្ពុជានៅអំឡុងនៃរបបខ្មែរ ក្រហម, ទី២៖ ជនជាប់ចោទមានចំនួនច្រើន និងជនរងគ្រោះក៏ មានចំនួនច្រើន និងអ្វីដែលសំខាន់បំផុតនោះ គឺទី៣៖ ដើម្បីឆ្លើយតបនឹងការទន្ទឹងរង់ចាំយុត្តិធម៌របស់ ជនរងគ្រោះនិងជនជាប់ចោទ ហើយជាបទពិសោធរបស់តុលាការអន្តរជាតិនានា សំណុំរឿងដែលមានទំហំធំដូច្នេះ ត្រូវការចំណាយពេលច្រើនជាង១០ឆ្នាំ ដើម្បីបញ្ចប់សំណុំរឿងដែលជាហេតុអាចនឹងប្រឈមនឹងហានីភ័យខ្ពស់ក្នុងការមិនទទួលបានសាលក្រមពេញលេញ ព្រោះទាំងជនជាប់ចោទ និងជនរងគ្រោះមានវ័យចំណាស់ និងភាពស្មុគស្មាញនៃសំណុំរឿង៕