(ភ្នំពេញ)៖ លោកស្រី យក សម្បត្តិ រដ្ឋលេខាក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការលទ្ធកម្មវ៉ាក់សាំង បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងចរចាជាមួយប្រទេសជាមិត្តមានដូចជាជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងអង់គ្លេសជាដើម ដើម្បីស្វែងរកទិញវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) មកចាក់ជូនប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដំណើរការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជាដូសទី៣ (ដូសជំរុញ) ជូនក្រុមការងារជួរមុខ មានដូចជាកងកម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជាដើម ដើម្បីបង្កើនអង្គបដិបក្ខក្នុងខ្លួនរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ក្រៅតែពីការចាក់ជូនក្រុមជួរមុខហើយនោះ រាជរដ្ឋាភិបាល ក៏មានគម្រោងចាក់ដូសជំរុញនេះ ជូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ចំនួនពីរដូសរួចរាល់ផងដែរ។
ក្នុងពេលអញ្ជើញទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៣លានដូស នៅព្រលានយន្តហោះនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ពីការស្វះស្វែងរកទិញវ៉ាក់សាំងអាស្ត្រាហ្សេនីកាយ៉ាងដូច្នេះ «គណៈកម្មការចំពោះកិច្ចនៃលទ្ធកម្មវ៉ាក់សាំងយើងបានប្រជុំគ្នាពីរដងទៀតហើយ ក្នុងការព្យាយាមរកប្រទេសមួយចំនួនដែលយើងអាចមានលទ្ធភាពក្នុងការបញ្ជាទិញ។ ចំពោះមុខនេះគឺយើងកំពុងធ្វើការតាមរយៈទូតរបស់យើងនៅប្រទេសជប៉ុន ប្រទេសឥណ្ឌា ហើយនឹងនៅប្រទេសកូរ៉េ។ យើងក៏កំពុងតែប្រឹងប្រែងធ្វើការងារជាមួយប្រទេសអង់គ្លេសផងដែរ ដើម្បីព្យាយាមចរចាជាមួយរោងចក្រអាស្ត្រាហ្សេនីកា នៅបណ្តាប្រទេសទាំង៤ហ្នឹង ថាតើគាត់មានលទ្ធភាពផ្គត់ផ្គង់ឱ្យយើងអត់? យើងកំពុងធ្វើការងារហ្នឹងហើយ យើងរំពឹងថា ក្នុងសប្តាហ៍នេះ ឬសប្តាហ៍ក្រោយ យើងនឹងទទួលបានដំណឹងពីស្ថានទូតរបស់យើងនៅប្រចាំប្រទេសទាំង៤ហ្នឹង»។
បើទោះបីជាយ៉ាងណា លោកស្រី យក់ សម្បត្តិ មិនទាន់បញ្ជាក់បានទេថា ប្រសិនបើកម្ពុជាអាចរកប្រទេសផ្គត់ផ្គង់វ៉ាក់សាំងអាស្ត្រាហ្សេនីកានេះបាន តើនឹងត្រូវទិញក្នុងចំនួនប៉ុន្មានលានដូសមកចាក់ជូនប្រជាពលរដ្ឋ? លោកស្រី បានបញ្ជាក់ថា ចំនួននៃការទិញ គឺស្ថិតលើការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ជាមួយនឹងការមកដល់នៃវ៉ាក់សាំងស៊ីណូវ៉ាក់នាព្រឹកមិញនេះ លោកស្រី យក់ សម្បត្តិ បានអះអាងថា មកដល់ពេលនេះកម្ពុជាមានវ៉ាក់សាំងនៅក្នុងដៃ និងវ៉ាក់សាំងដែលចាក់ជូនប្រជាពលរដ្ឋរួចរាល់ប្រមាណ ២៤លានដូសហើយ។ លោកស្រី ក៏បានឱ្យដឹងដែរថា នៅចុងខែសីហា នេះ វ៉ាក់សាំងស៊ីណូវ៉ាក់ប្រមាណ ២លានដូសបន្ថែមទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា។
មកដល់ពេលនេះកម្ពុជារកបានវ៉ាក់សាំងគ្រប់គ្រាន់តាមផែនការដែលបានដាក់ចេញហើយ ខណៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ជិតសម្រេចបានតាមផែនការជាស្ថាពរផងដែរ។
លោកស្រី យក់ សម្បត្តិ ក្នុងនាមជាក្រុមការងាររបស់រាជរដ្ឋាភិបាលក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ បានចាត់ទុកលទ្ធផលនេះជាភាពរីករាយ និងជាមោទនភាពមួយសម្រាប់រាជរដ្ឋាភិបាល ក្រុមការងារ ក៏ដូចជាប្រជាពលរដ្ឋទាំងមូល។
សម្រាប់លោកស្រី យក់ សម្បត្តិ លទ្ធផលដ៏ប្រសើរនេះ សម្រេចបានដោយមានការដាក់ចេញផែនការ ការចាត់ចែងយ៉ាងម៉ត់ចត់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ក្នុងនោះក៏មានការប្រឹងប្រែងរបស់ក្រុមការងារ ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋ។
បើទោះបីលទ្ធផលការចាក់វ៉ាក់សាំងសម្រេចជិតបានជាស្ថាពរយ៉ាងណាក្តី លោកស្រី យក់ សម្បត្តិ ក៏បន្តទទូចដល់ប្រជាពលរដ្ឋមិនត្រូវរីករាយ ហើយបំភ្លេចចោលនូវវិធានការសុខាភិបាល «៣ការពារ និង៣កុំ» នោះឡើយ។ លោកស្រី អំពាវនាវប្រជាពលរដ្ឋបន្តប្រកាន់ខ្ជាប់នូវស្មារតីការពារនេះ ដើម្បីកម្ពុជាយកឈ្នះលើជំងឺកូវីដ១៩ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩៕