(កណ្តាល)៖ សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ (ដូសជំរុញ Vaccine AstraZeneca) ជូនអតីតយុទ្ធជនហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១នេះ។ ពីបើកយុទ្ធនាការបានធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន។
វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែមទៀតលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ អតីតយុទ្ធជនមិនត្រឹមតែជាមានអាទិភាពទទួលបានវ៉ាក់សាំងដូសទី១ប៉ុណ្ណោះទេ តែសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់អាទិភាពជូនពួកគេបានចាក់ដូសទី៣ ដែលជាដូសជំរុញនេះផងដែរ។
ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា នេះការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអាយុជីវិតពលរដ្ឋ និងអតីតយុទ្ធជន ដើម្បីឱ្យបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងដូច្នេះ «បងប្អូនដឹងទេបច្ចុប្បន្ននេះវ៉ាក់សាំងកំពុងមានទីផ្សារខ្ពស់ណាស់ ត្រូវការចាំបាច់ណាស់ចំពោះមនុស្សជាតិលើពិភពលោក។ តែពលរដ្ឋកម្ពុជា និងអតីតយុទ្ធជនយើងមានសំណាងណាស់ ដែលមានសម្តេចតេជោ ជាមេដឹកនាំ ហើយលោកបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនពួកយើង។ មានវ៉ាក់សាំង គឺយើងមានកងការពារមួយយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។
លោកទេសរដ្ឋមន្ត្រីបន្តថា «បងប្អូនអតីតយុទ្ធជនយើងមិនត្រូវទទួលបានអាទិភាពចាក់ដូសទី១ ទី២ទេ ឥឡូវដូសទី៣ បងប្អូនយើងទទួលបានអាទិភាពទៀត។ នេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនអតីតយុទ្ធជន។ នេះជាទឹកចិត្ត ជាគុណធម៌របស់សម្តេចទាំងពីរចំពោះបងប្អូនយើង ដែលយើងមិនងាយរក និងមិនអាចបំភ្លេចបានឡើយ»។
ក្នុងឱកាសនោះទាំងលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏ដូចជាអតីតយុទ្ធជនដែលបានទៅចាក់វ៉ាក់សាំង សុទ្ធតែបានបង្ហាញក្តីរីករាយចំពោះការចាក់វ៉ាក់សាំង។ លោកទេសរដ្ឋមន្ត្រី និងអតីតយុទ្ធជន បានគោរពថ្លែងអំណរគុណសម្តេចតេជោ យ៉ាងជ្រាលជ្រៅចំពោះការប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ក៏ដូចជាអតីតយុទ្ធជន។
បើទោះបីជាយ៉ាងណា លោកទេសរដ្ឋមន្ត្រី គន់ គីម បានដាស់តឿន និងក្រើនរំលឹកដល់អតីតយុទ្ធជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងហើយក្តី ក៏មិនត្រូវទម្លាក់ចោលវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩នោះឡើយ។ ជាពិសេសត្រូវគោរពអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ៣កុំ (កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំ កុះករ) និង៣ការពារ (ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ចែល អាល់កុល និងរក្សាគម្លាតចាប់ពី១.៥ម៉ែត្រឡើងទៅ)៕