(កំពង់ឆ្នាំង)៖ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង និងថ្នាក់ដឹកនាំមួយចំនួនទៀតនៅព្រឹកថ្ងៃទី១១ ខែសីហា បាននាំយកអំណោយផ្តល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័ក ក្នុងខេត្តកំពង់ឆ្នាំង។

ក្នុងពិធីនេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានរាយការណ៍ស្តីពីស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅខេត្តកំពង់ឆ្នាំង ដែលបង្កឱ្យប្រជាពលរដ្ឋឈឺ និងស្លាប់ជាបន្តបន្ទាប់។ នៅក្នុងសភាពការណ៍នេះ ដើម្បីទប់ស្កាត់នូវការរីករាលដាលជម្ងឺកូវីដ១៩ អាជ្ញាធរខេត្តស្រុក បានចុះអប់រំដល់ប្រជាពលរដ្ឋនៅតាមតំបន់នានា ដែលជាកន្លែងប្រមូលផ្តុំ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបរិបទនៃការរីករាលដាលនេះ។

នៅក្នុងឱកាសនោះ សម្ដេចចៅហ្វាវាំង គង់ សំអុល បានកោតសរសើរចំពោះថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត ស្រុក ក្រុង និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់សហការបានយ៉ាងល្អ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩នេះ ដោយបានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តស្មារតីជំនះគ្រប់ឧបសគ្គ ក្នុងការជួយព្យាបាលប្រជាពលរដ្ឋឱ្យរួចផុតពីជំងឹដ៏កាចសាហាវនេះ។

សម្តេចក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ តាមរយៈជម្រុញការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ប្រកបដោយប្រសិទ្ធ ភាពខ្ពស់ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានរួចផុតពីជំងឺដ៏កាចសាហាវនេះ។

នៅក្នុងពិធីនេះដែរ សម្តេចចៅហ្វាវាំង គង់ សំអុល បានផ្តល់ជូនអំណោយមានដូចជា មី១០០០កេះ ទឹកសុទ្ធ១០ ០០កេស អង្ករ១០តោន និងថវិកា២៥លានរៀល និងបានផ្តល់ថវិកា៤០លានរៀលផ្សេងទៀត ដល់មន្ទីរសុខាភិបាលសម្រាប់ទិញបំពង់ខ្យល់អុកស៊ីហ្សែន ត្រៀមទុកនៅក្នុងមន្ទីរពេទ្យ សម្រាប់សង្គ្រោះព្យាបាលបាលជំងឺជូនដល់ប្រជាពលរដ្ឋ។

ដោយឡែក លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានចូលរួមផ្តល់អង្កចំនួន១២៤តោន។ លោក ជា វ៉ាន់ដេត ឧបត្ថម្ភអង្ករ១៨តោន និងថវិកា៥លានរៀល។ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានចូលរួមឧបត្ថម្ភថវិកា៤០លានរៀល និងត្រីខ១០០០យួរ ផងដែរ ដើម្បីត្រៀមទុកផ្ដល់ជូនប្រជាពលរដ្ឋធ្វើចត្តាឡី ស័កនៅតាមមូលដ្ឋាន និងប្រជាពលរដ្ឋក្រីក្រជួបការខ្វះខា តជីវភាពក្នុងបរិបទកូវីដ នៅក្នុងខេត្តកំពង់ឆ្នាំងបច្ចុប្បន្ននេះ៕