(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តំណាងលោករដ្ឋមន្រ្តី កើត រិទ្ធិ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំជាមួយលោក Pradeep Wagle តំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និង OHCHR ក្នុងវិស័យច្បាប់ និងតុលាការ តាមប្រព័ន្ធវីដេអូ Conference (Spype for business)។
កិច្ចប្រជុំនេះ បានពិភាក្សា និងពិនុត្យលើកិច្ចសហប្រតិបត្តិការចំនួន០៣រួមមាន៖
*ទី១៖ ការរៀបចំប្រព័ន្ធមូលដ្ឋានទិន្នន័យរឿងក្តីព្រហ្មទណ្ឌនៅតាមលាសាដំបូងរាជធានីខេត្ត និងការផ្តល់ជំនួយបច្ចេកទេសលើការងារនេះ
*ទី២៖ ការរៀបចំផែនការនៃការសិក្សា វាយតម្លៃ និងផ្សព្វផ្សាយបន្ថែម លើការអនុវត្តគម្រោងរូបមន្តនៃការឃុំខ្លួនបណ្តោះអាសន្ន នៅតាមតុលាការ
*ទី៣៖ កិច្ចសហការក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សនិងពង្រឹងសមត្តភាពមន្រ្តីក្នុងវិស័យយុត្តិធម៌៕