(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះថា លោកបានចាត់ឱ្យលោកស្នងការរងទទួលផែន បុគ្គលិកចុះធ្វើការស្រាវជ្រាវបន្ថែម និងដកលោកវរសេនីយ៍ត្រី អ៊ុ ចំរើន អធិការនគរបាលស្រុកបសេដ្ឋ មកបញ្ឈរជើង ក្រោយមានពាក្យបណ្តឹងរបស់ក្រុមមន្ត្រីថ្នាក់ក្រោម ដែលមានអធិការរង ប្រធានផ្នែក នាយរងផ្នែក និងនាយនគរបាលប៉ុស្តិ៍។
មន្រ្តីនគរបាលជាច្រើននាក់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រាប់តាំងពីអធិការរង ប្រធានផ្នែក នាយរងផ្នែក និងនាយនគរបាលតាមបណ្តាញប៉ុស្តិ៍ បានរួមគ្នាប្តឹងទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ត សុំឲ្យផ្លាស់ប្តូរអធិការនគរបាលស្រុកបសេដ្ឋ លោក អ៊ុ ចំរើន ចេញដោយសារមន្រ្តីនគរបាលរូបនេះ បានប្រព្រឹត្តកំហុសជាច្រើន ដែលពួកគាត់មិនអាចទទួលយកបាន និងមិនព្រមឲ្យបន្តតំណែងជាអធិការនគរបាលស្រុកទៀត។
នៅក្នុងពាក្យបណ្ដឹងរបស់មន្រ្តីនគរបាលស្រុកបសេដ្ឋ ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានរៀបរាប់ថា លោក អ៊ុ ចំរើន អធិការនគរបាលស្រុកបសេដ្ឋ បានប្រព្រឹត្តទង្វើមួយចំនួនរួមមាន៖
*រាល់ការតែងតាំង និងផ្លាស់ប្ដូរមុខងារមន្ត្រីក្រោមឱវាទ តែងទាមទារលាភសក្ការៈ ពោលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន
*ចំពោះការងារកសាងអង្គភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗវិញ គ្មានរីកចម្រើនទាល់តែសោះ
*មិនឲ្យតម្លៃដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដឹកនាំខ្វះក្រមសីលធម៌ ហើយគ្មានការទទួលខុសត្រូវ
*ចំពោះចរិតឫកពាមិនសមជាថ្នាក់ដឹកនាំ ឬមិនធ្វើជាគំរូដល់កូនចៅ ជារឿយៗបានជេរប្រមាថមើលងាយកូនចៅក្រោមឱវាទ តាមវិទ្យុទាក់ទង មិនស្គាល់ចាស់ស្គាល់ក្មេង និយាយអួតក្អេងក្អាងថា ខ្លួនមានតួនាទីធំ និងមានអ្នកនៅពីក្រោយខ្នងជាអ្នកធំផងដែរ។
ជាមួយគ្នានេះ ក្រុមមន្រ្តីនគរបាលទាំងនេះ បានចោទថា លោកវរសេនីយ៍ត្រី អ៊ុ ចំរើន គ្មានភាពជាអ្នកដឹកនាំឡើយ ជាពិសេសខ្វះសាមគ្គីភាពផ្ទៃក្នុងយ៉ាងខ្លាំង ជាហេតុនាំឲ្យសុំធ្វើការផ្លាស់ប្តូរចេញ៕