(ភ្នំពេញ)៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានសម្រេចការសាងសង់ប្រមាណ ៦៤% ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាម លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។
លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងទៀតថា ទោះបីជាប្រទេសកម្ពុជា ប្រឈមនឹងការីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ តែដំណើរការសាងសង់ផ្លូវ ល្បឿនលឿននេះនៅតែបន្តដដែល មិនមានការប៉ះពាល់នោះទេ ដោយសារតែក្រុមការងារ បុគ្គលិក កម្មករទាំងអស់បានប្រឹងតស៊ូជំនះនូវស្ថានភាពដ៏លំបាកនេះបាន។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។
ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើ នឹងត្រូវសាងសង់រហូតដល់ ២៤.៥ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ដែលក្នុងនោះរួមមាន៖
* គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្ត គ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គ.ម ក្នុងមួយម៉ោង។
* ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ។
* ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង ២.៥០ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០.៧៥ម៉ែត្រសងខាង។
* សាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូចចំនួន ៥កន្លែង ប្រវែងសរុប ១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង ប្រវែងសរុប ៦ ០១៥ម៉ែត្រ។
* សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿនចំនួន ២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង។
* សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្តចំនួន១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង។
* បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍៕