Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឃួង ស្រេង៖ រហូតដល់ពេលនេះ មានអ្នកជំងឺកូវីដ១៩ ជាង៤ពាន់នាក់បានព្យាបាលនៅតាមផ្ទះ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានជាង១ពាន់នាក់ បានជាសះស្បើយ (Video inside)

12-08-2021 11:44

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា គិតត្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ រាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ១៩ សរុបចំនួន៤២៤១នាក់ បានទទួលយកការព្យាបាលនៅតាមផ្ទះ ដោយក្នុងនោះមានអ្នកជំងឺ ចំនួន១២៥៧នាក់ផងដែរ បានជាសះស្បើយ។

លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមថា ពេលនេះនៅរាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ១៩ កម្រិតស្រាលដែលកំពុងព្យាបាលនៅតាមផ្ទះចំនួន២៨៨៩នាក់ (ជាសះស្បើយជាង១ពាន់នាក់) ហើយក្នុងចំណោមអ្នកជំងឺដែលព្យាបាលតាមផ្ទះនេះ ក៏មានអ្នកជំងឺចំនួន៩៥នាក់ផងដែរ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ លោកអះអាងថា អ្នកជំងឺដែលត្រូវបានបញ្ជូនពីការព្យាបាលនៅផ្ទះទៅព្យាបាលនៅមន្ទីរពេទ្យនេះ ពុំមានជំងឺធ្ងន់ធ្ងរនោះទេ ប៉ុន្តែដោយសារស្ថានភាពជំងឺរបស់ពួកគាត់ បានវិវត្តពីគ្មានរោគសញ្ញា ទៅជាមានរោគសញ្ញា ទើបត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២១ បានដាក់ឱ្យអនុវត្តនូវការព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដើម្បីទុកន្លែងព្យាបាលនៅតាមមន្ទីរពេទ្យ ជួយសង្គ្រោះជីវិតរបស់អ្នកជំងឺកូវីដ១៩ ដែលមានសភាពធ្ងន់ធ្ងរ។

ការដាក់ឱ្យអនុវត្តនូវការព្យាបាលនៅតាមផ្ទះ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ ខណៈដែលក្រសួងសុខាភិបាល ក៏គ្រោងនឹងរៀបចំនៅខេត្តសំខាន់ៗមួយចំនួនទៀត៕