(ព្រៃវែង)៖ លោក លៀង ភារម្យ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ឃុំស្វាយអន្ទរ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្វាយអន្ទរ ចូលរួមដោយគណៈកម្មាធិការបក្ស ស្រុក ឃុំ និងមេភូមិ។
នាឱកាសនោះ លោក លៀង ភារម្យ បានជួយឧបត្ថម្ភថវិកាជូនដល់ក្រុមការងារគណៈកម្មាធិការបក្ស ស្រុក ឃុំ ភូមិ ចំនួន២៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០រៀល និងបានជួយឧបត្ថម្ភថវិកាជូនដល់លោកនាយកសាលាពោធិ៍ជ្រៃ ចំនួន១០០,០០០រៀល។
ទន្ទឹមជាមួយគ្នាដែរ លោក លៀង ភារម្យ ក៏បានអញ្ជើញចុះសួរសុខទុក្ខពលករខ្មែរទើបត្រឡប់មកពីថៃដែលកំពុងធ្វើចត្តាឡីស័កចំនួន៣នាក់ និងបានជួយឧបត្ថម្ភជូនដល់ពួកគាត់ក្នុងម្នាក់ៗនូវ៖ អង្ករ២៥គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអីវ១យួរ, មី១កេស, ត្រីខ១យួរ, ទឹកសុទ្ធ១កេស និងថវិកាចំនួន២០,០០០រៀល។
បន្តមកទៀត លោក លៀង ភារម្យ បានអញ្ជើញចុះត្រួតពិនិត្យ និងរៀបចំមណ្ឌលធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាពោធិ៍ជ្រៃ ដោយបានបំពាក់ជូនគ្រែចំនួន៣០, មុង៣០, កៅអី៣០, ទឹកធុង៣០ និងកែវទឹក៣០។
បន្ថែមពីនេះ ជួយសាងសង់បង្គន់អនាម័យថ្មីចំនួន២បន្ទប់ និងជួសជុលបង្គន់ចាស់ចំនួន២បន្ទប់, បំពាក់អំពូលបំភ្លឺសូឡា, ជួយឧបត្ថម្ភអង្ករចំនួន២តោន ជូនដល់គណៈកម្មការកូវីដ១៩។ ដោយចំណាយថវិកាសរុបអស់ជាង១៩លានរៀល៕