(ភ្នំពេញ)៖ សមត្ថកិច្ចរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនម្ចាស់ហាងយីហោ «ផ្ទះឈើម្ហូបខ្មែរ ថៃ» ចំនួន២នាក់ និងភ្ញៀវចំនួន០៨នាក់ សរុប១០នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ក្រោយបើក និងចូលផឹកស៊ីល្មើសនឹងបំរាមគោចរ។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។
សូមរំឮកថា កាលពីយប់ថ្ងៃទី១០ ខែសីហា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងហាងមួយកន្លែងឈ្មោះ «ផ្ទះឈេីម្ហូបខ្មែរ ថៃ» នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដែលបេីកល្មេីសបម្រាមគោចរភ្លាមៗនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ លោកអភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះបង្ក្រាប និងបិទទីតាំងល្មេីស ដោយបានធ្វេីការឃាត់ខ្លួន បានមនុស្សសរុបចំនួន១៤នាក់។ រួមមានម្ចាស់ហាងម្នាក់ ស្រី បុគ្គលិក ៤ស្រី និងភ្ញៀវចំនួន ៩នាក់ប្រុស។
សូមជម្រាបថា សាលារាជធានីភ្នំពេញ បានដាក់ចេញបម្រាមគោចរ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕