(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ឡើងវិញនូវផ្លូវជាតិលេខ២១ នៅខេត្តកណ្តាល។ នេះបើតាមមន្រ្តីសាធារណការខេត្តកណ្តាល។
គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ២១ នេះ ជាកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ ក្រោមចំណាយថវិកា ៦១,៦លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះថវិកាកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ ៥២,៥៤លានដុល្លារសហរដ្ឋអាមេរិក និងថវិកាបដិភាគ ៩,០៩លាន ដុល្លារសហរដ្ឋអាមេរិក។
គម្រោងសាងសង់ផ្លូវនេះ មានប្រវែង៥៥គីឡូម៉ែត្រ និងស្ពានចំនួន៤២ស្ពាន ដែលត្រូវចំណាយរយៈពេលសាងសង់ ៣៦ខែ ក្រោមការត្រួតពិនិត្យបច្ចេកទេសពីក្រុមហ៊ុន Dasan និងសាងសង់ដោយក្រុមហ៊ុន Hanshin របស់កូរ៉េ៕