(ស្ទឺងត្រែង)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានបន្ដនាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋកមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកយាយ អាយុ១០៩ឆ្នាំ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
លោកយាយ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ហើយទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាឱកាសនេះ ថង ដាំ អាយុ១០៩ឆ្នាំ ជាជនជាតិខ្មែរឡាវ រស់នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។
លោកយាយ ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។
បើទោះបីមិនអាចនិយាយខ្មែរបាន ប៉ុន្ដែលោកយាយបានបញ្ជាក់តាមរយៈកូនប្រុស កូនស្រីថា ក្រោយពីរូបគាត់ចាក់វ៉ាក់សាំងហើយ សុខភាពហាក់ល្អប្រសើរជាងមុន និងហូបបាយបានជាដើម។
សូមជម្រាបថា លោកយាយ ថង ដាំ បានចាក់នូវវ៉ាក់សាំង ចនសុនចនសុន ដែលវ៉ាក់សាំងនេះចាក់តែមួយដូសប៉ុណ្ណោះ៕