(កំពង់ស្ពឺ)៖ លោក វ៊ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសតែងតាំងជា ប្រធានគណៈកម្មាធិការបក្ស ប្រជាជនខេត្តកំពង់ស្ពឺ ហើយបានចូលកាន់ដំណែង នៅព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦នេះ ក្រោមអធិបតិភាពលោក ឆាយ ថន សមាជិក គណៈកម្មាធិការ អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំជាច្រើន នាក់ផ្សេងទៀត។
នៅក្នុងឱកាសនោះ លោក វ៊ី សំណាង បានប្តេជ្ញាឲ្យមន្ត្រីបក្ស ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ និងព្យាបាលឲ្យខានតែបាន និងបន្តផ្តល់ទំនុកចិត្តដល់ពលរដ្ឋ ក្នុងកំណែទំរង់ផ្ទៃក្នុងបក្សយ៉ាង មានប្រសិទ្ធិភាព។ លោក ឆាយ ថន បានលើកឡើងថា ការផ្លាស់ប្តូរប្រធានបក្ស សម្រាប់ខេត្តកំពង់ស្ពឺនេះ ដោយសារតែលោក អ៊ូ សំអួន ត្រូវផ្លាស់ទៅកាន់ការងារថ្មី គណបក្សប្រជាជន ត្រូវឈរលើគោលការណ៍ស្រឡាញ់ អាណិត ចាត់ទុកពលរដ្ឋ ជាបងជាប្អូន ជាកូនជាចៅរបស់យើង។
ការផ្លាស់ប្តូរ ប្រធានបក្សនេះ គឺជាការកសាងធនធានមនុស្ស របស់បក្សឲ្យមានការកើនឡើង ថែមទាំងមានការអភិវឌ្ឍន៍បន្ថែម ក្នុងការងារដឹកនាំបក្ស៕