(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា ការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា សម្រាប់ខែកញ្ញា ឆ្នាំ២០២១ នឹងត្រូវបញ្ចូលដោយស្វ័យប្រវត្តិ នូវប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចំនួន៥ម៉ឺនរៀល។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីជូនដំណឹងបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងខែកញ្ញា
ឆ្នាំ២០២១នេះ ក្រសួងមុខងាសាធារណៈ នឹងធ្វើការដាក់បញ្ចូលដោយស្វ័យប្រវត្តិនូវប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ចំនួនទឹកប្រាក់ ៥០ ០០០រៀល (ប្រាំម៉ឺន) របស់រាជរដ្ឋាភិបាល ទៅក្នុងតារាងទូទាត់ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល និងតារាងប្រាក់ឧបត្ថម្ភមន្ត្រីជាប់កិច្ចសន្យា។ ការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ គឺត្រូវរៀបចំអនុវត្តក្នុងពេលជាមួយគ្នានៃការបើកផ្តល់បៀវត្សលើកទីពីរ ក្នុងខែកញ្ញាឆ្នាំ២០២១»។
សូមជម្រាបថា ជារៀងរាល់ឆ្នាំក្នុងឱកាសនៃពិធិបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល តែងតែផ្តល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការស៉ីវិល កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នូវទឹកប្រាក់៥ម៉ឺនរៀល៕