(កោះកុង)៖ អាជ្ញាធរខេត្តកោះកុង ចេញសេចក្ដីសម្រេចបិទជាបណ្ដោះអាសន្នការធ្វើដំណើរចេញចូល ក្នុងភូមិសាស្រ្ត ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលជាតំបន់កំពុងមានការឆ្លងរាលដាលជំងឺកូវីដ១៩ និងមេរោគកូវីដ១៩ បំប្លែងថ្មី Delta រយៈពេល១៤ថ្ងៃ។
បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា «ត្រូវបានបិទជាបណ្តោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលក្នុងភូមិសាស្ត្រ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាតំបន់កំពុងមានការឆ្លងរាលដាលជំងឺកូវីដ១៩ និងមេរោគកូវីដ១៩ បំប្លែងថ្មី Delta ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង១២៖០០នាទីថ្ងៃត្រង់ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ដើម្បីស្រាវជ្រាវបុគ្គលដែលមានការសង្ស័យមានផ្ទុកជំងឺកូវីដ១៩ និងមេរោគកូវីដ១៩ បំប្លែងថ្មី Delta) និងការ យកសំណាកទូទាំងភូមិចាំយាម ឃុំប៉ាក់ខ្លាំង»។
រដ្ឋបាលខេ្តតបានឱ្យដឹងថា គឺក្នុងគោលបំណងបិទការចេញ-ចូលជាបណ្តោះអាសន្ននេះ គឺដើម្បីធានាដល់ប្រសិទ្ធភាពនៃ ការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រភូមិខាងលើ និងដើម្បីទប់ស្កាត់ជំងឺនេះកុំឱ្យមានការឆ្លងរីករាលដាលបន្តទៅតំបន់ផ្សេងៗទៀត។
ក្នុងអំឡុងពេល នៃផ្អាកជាបណ្តោះអាសន្ន ក្នុងការធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រ ដូចដែលមានចែង ក្នុងប្រការ១ខាងលើ រដ្ឋបាលឃុំប៉ាក់ខ្លង និងក្រុមការងារឆ្លើយតបបន្ទាន់ជំងឺឆ្លងនៃមណ្ឌលសុខភាពនាងកុក និងមណ្ឌលសុខភាពប៉ាក់ខ្លាំង ត្រូវសហការគ្នា ដើម្បីអនុវត្តភារកិច្ចដូចខាងក្រោម៖
*ហ៊ុមព័ទ្ធទីតាំងដែលមានអ្នកវិជ្ជមានកូវីដ១៩ និងមេរោគកូវីដ១៩ បំប្លែងថ្មី Delta ស្នាក់នៅ និងផ្អាកការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្នក្នុងទីតាំងដែលបានហ៊ុមព័ទ្ធ
*ផ្សព្វផ្សាយស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ដើម្បីយកសំណាកមកវិភាគរកមេរោគកូវីដ១៩ និងមេររាគកូវីដ១៩ បប្លែងថ្មី Delta និងធ្វើចត្តាឡីស័កអ្នកដែលពាក់ព័ន្ធទាំងអស់
*ពង្រឹងការត្រួតពិនិត្យច្រកចេញ-ចូលនានា ក្នុងភូមិសាស្ត្រភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ឱ្យបានហ្មត់ចត់ និងតឹងរឹងបំផុត។
បន្ថែមពីនេះ រដ្ឋបានខេត្តបានគូសបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចាំយាមទាំងអស់ សូមអញ្ជើញមកយកសំណាកទាំងអស់គ្នា ជាមួយក្រុមការងាររបស់រដ្ឋបាលស្រុក និងក្រុមការងារឆ្លើយតបបន្ទាន់ជំងឺឆ្លងនៃមណ្ឌលសុខភាពទាំង២ នៅទីតាំងទី១៖ ផ្លូវជាតិលេខ៤៨ មុខវត្តចាំយាម, ទី២៖ ផ្លូវចូលភូមិថ្មី ចំណុចដីឡូតិ៍ សៀ ឃាង និងទី៣៖ ផ្លូវបំបែកចូលផ្នែកសឹករងមណ្ឌលសីមា ស្ថិតនៅភូមិចាំយ៉ាម ឃុំប៉ាក់ខ្លាំង ដើម្បីយកសំណាកវិភាគរក មេរោគកូវីដ១៩ និងមេរោគកូវីដ១៩ បំប្លែងថ្មី Delta) ជាបន្ទាន់ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១៕