(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានឧបត្ថម្ភអំណោយដល់ប្រធាន-អនុប្រធានសាខាបក្ស និងសមាជិកបក្សភូមិទាំង ៦ នៃសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ចំនួន ៩២នាក់ ដើម្បីលើកទឹកចិត្តបន្ថែមដល់ការខិតខំរបស់ពួកគាត់ ក្នុងការខិតខំប្រឹងប្រែងបំពេញភារកិច្ចស្នូលជូនគណបក្សប្រជាជនកម្ពុជា។
ការប្រគល់អំណោយរបស់សម្ដេច សាយ ឈុំ ជូនសមាជិកបក្សខាងលើនេះ ធ្វើឡើតាមរយៈការសម្លឹងឃើញពីសំណាក់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណបក្សខណ្ឌឫស្សីកែវ។ អំណោយទាំងនេះដែរ ក៏ត្រូវបាននាំយកទៅប្រគល់ជូនសមាជិកម្នាក់ៗដោយលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែ១ និងជាប្រធានគណបក្សសង្កាត់ទួលសង្កែទី១។
លោកស្រី រាជ ផាវឿន បានពាំនាំការផ្ដាំផ្ញើរបស់ប្រធានគណបក្សខណ្ឌ លោក ជា ពិសី ទៅកាន់ប្រធានសាខាបក្ស អនុប្រធាន សមាជិក លោក-លោកស្រីប្រធាន និងអនុប្រធានសាខាបក្សភូមិទាំង ៦ ឱ្យបន្តពិនិត្យតាមដានចំនួនសមាជិកបក្ស ពិសេសកម្មករ និយោជិក និងកម្មករជាសមាជិកបក្ស ព្រមទាំងយុវជនគណបក្សតាមបណ្តាភូមិ ក្នុងការខិតខំប្រឹងប្រែងកសាង និងពង្រីកសមាជិកបក្ស ក្រៅពីការសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សបានល្អ និងការជួយដោះស្រាយរាល់ទុក្ខធុរៈផ្សេងៗរបស់ប្រជាពលរដ្ឋ បន្ទាប់ពីមានផែនការជុំរុញបន្ថែមទៀត៕