Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អាត់ ខែម៖ ផ្ទះប្រជាពលរដ្ឋប្រកស័ង្កសី នៅទូទាំងស្រុកស្វាយចេក សម្រេចបានជាង៥០ភាគរយហើយ

27-03-2016 09:21

(បន្ទាយមានជ័យ)៖ លោក អាត់ ខែម សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការ គណបក្ស ប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក បានថ្លែងឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលត្រូវជួសជុល ពីការប្រកដំបូងស្បូវ មកប្រក ស័ង្កសីវិញ បានសម្រេចជាង៥០ភាគរយហើយ តបតាមយុទ្ធសាស្រ្ត និង ការដាក់ទិសដៅរបស់ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ។

លោក អាត់ ខែម បានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋទាំងអស់ ដែលប្រកស្បូវនៅទូទាំងស្រុកស្វាយចេក មានចំនួន៣៧៦ខ្នង ប៉ុន្តែផ្ទះប្រមាណជាង៥០ភាគរយ បានប្រែក្លាយទៅជាដំបូលប្រកស័ង្កសីរួចហើយ និងក្រុមការងាររបស់លោក រួមជាមួយអាជ្ញាធរខេត្ត ស្រុកបាន និងកំពុងធ្វើបន្តទៀតរហូត បាន១០០ភាគរយ នៅពេលខាងមុខ។ ជាក់ស្តែង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ កម្លាំងនគរបាលរបស់លោក បានបន្តចុះទៅជួសជុលផ្ទះរបស់ប្រជាពលរដ្ឋ នៅទីនោះបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាលែងឲ្យមានផ្ទះប្រកស្បូវទៀតហើយ។

បើតាមលោក អាត់ ខែម ផ្ទះខ្លះមិនត្រឹមតែធ្វើការជួសជុលនោះទេ ពោលត្រូវសាងសង់ ទាំងអស់តែម្តង ដែលត្រូវចំណាយថវិកាអស់គ្រាន់បើ ប៉ុន្តែការចំណាយទាំងនេះ បានមកពីការជួយឧបត្ថម្ភ ពីលោកឧបនាយករដ្ឋមន្រ្តី កែ កឹមយ៉ាន ថ្នាក់ដឹកនាំខេត្ត និងសប្បុរសជននានានៅក្នុងខេត្ត។

ប្រជាពលរដ្ឋជាម្ចាស់ផ្ទះ និងប្រជាពលរដ្ឋនៅក្នុងភូមិ មានសេចក្តីរីករាយយ៉ាងខ្លាំង ការដែលបានទទួលផ្ទះថ្មី សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់ពួកគាត់នេះ និងសូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកឧបនាយករដ្ឋមន្រ្តីប្រធានក្រុមការងារ៕