(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានធ្វើតេស្តរហ័សលើមន្រ្តីរបស់ខ្លួន ជិត ៥០០នាក់ ហើយជាលទ្ធផលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។

សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ដោយអនុវត្តតាមសារាចររបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹង វិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌បានរៀបចំនូវការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង យុត្តិធម៌ នៅទីស្តីការក្រសួងយុត្តិធម៌ និងនៅតាមអង្គភាពទាំងអស់ចំណុះក្រសួង។

ក្រោយពីបញ្ចប់ការធ្វើតេស្តរហ័សនេះឃើញថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងយុត្តិធម៌សរុបចំនួន ៤៩៤រូប បានមកធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ហើយជាលទ្ធផល នៅក្នុងចំណោមអ្នកដែលបានធ្វើតេស្ដរហ័សទាំងអស់ គឺមានមន្ត្រីចំនួន៣រូប ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩។ មន្ត្រីចំនួន៣រូប ដែលត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ ពុំបានចាប់អារម្មណ៍ថា ខ្លួនមានផ្ទុកមេរោគកូវីដ-១៩ នោះទេ ដោយសារពុំមានរោគសញ្ញា ហើយក៏ពុំបានដឹងថា ធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ ជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩នោះដែរ។

ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នាពេលនេះបានជួយឱ្យមន្ត្រីទាំង៣រូប បានដឹងថាខ្លួនមានវិជ្ជមានកូវីដ-១៩ ម៉្យាងដើម្បីទទួលបានការព្យាបាល និងម៉្យាងទៀត ដើម្បីជួយដល់ការទប់ស្កាត់ការឆ្លងរាលដាលនៅ ទីកន្លែងធ្វើការងារ និងក្រុមគ្រួសាររបស់ខ្លួន។

ចំពោះអ្នកដែលរកឃើញមានវិជ្ជមានមេរោគកូវីដ-១៩ ត្រូវបានផ្ដល់ព័ត៌មានដល់មន្ត្រីសុខាភិបាល និង ត្រូវបានអនុញ្ញាតឱ្យធ្វើការព្យាបាលនៅតាមផ្ទះរៀងៗខ្លួន ស្របតាម «នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ»។ ដោយឡែកចំពោះអ្នកមានការពាក់ព័ន្ធដោយផ្ទាល់ជាមួយ នឹងអ្នកដែលមានវិជ្ជមានមេរោគកូវីដ-១៩ ទាំងអស់ខាងលើ ក៏ត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័ក ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

ផ្អែកតាមលទ្ធផលខាងលើនេះ ក្រសួងយុត្តិធម៌ បានធ្វើការដាស់តឿន និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្លង និងការឆ្លងនៃមេរោគកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានការគន្លឹះ «៣កុំ និង ៣ការពារ» ហើយទន្ទឹមនេះ ក្រសួងយុត្តិធម៌នឹងបន្តអនុវត្តនូវការធ្វើ តេស្ដរហ័សរកមេរោគកូវីដ-១៩ ឱ្យបានទៀងទាត់ជាប្រចាំតាមកម្មវិធីរបស់ខ្លួន ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងអស់នៃក្រសួងយុត្តិធម៌ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់នៃការឆ្លង រាលដាលនៃជំងឺកូវីដ-១៩៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌៖