(ភ្នំពេញ)៖ បម្រាមគោចរពេលយប់ ដែលអនុវត្តរយៈពេល២សប្តាហ៍កន្លងមកនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តឱ្យអនុវត្តរយៈពេល១សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី Delta។

តាមប្រកា៤ នៃសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ឱ្យដឹងថា ក្នុងអំឡុងពេលនៃការដាក់ចេញនូវវិធានការនេះ ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្មនានា នៅម៉ោង ២២ (ម្ភៃពីរ) ដល់ម៉ោង ៣ (បី) សម្រាប់រយៈពេល ៧ថ្ងៃវិញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ លើកលែងតែក្នុងករណី ចាំបាច់មួយចំនួន។

ករណីចាំបាច់ដែលត្រូវបានលើកលែងទាំងនោះមានដូចជា៖

- ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមានសមត្ថកិច្ច ដោយត្រូវ ភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម
- ការធ្វើដំណើររបស់ជនបរទេសដែលជាមន្ត្រីការទូត មន្ត្រីបុគ្គលិកនៃស្ថានតំណាងបរទេស ទីភ្នាក់ងារអង្គការ សហប្រជាជាតិ និងដែលជាមន្ត្រីរបស់អង្គការហិរញ្ញវត្ថុអន្តរជាតិ ដោយមានភ្ជាប់ជាមួយ នូវឯកសារបញ្ជាក់ អំពីអត្តសញ្ញាណនិងការងារ នឹងអាចអមដោយអ្នកបើកបររថយន្តជាជនជាតិខ្មែរ
- ការធ្វើដំណើររបស់អ្នកសារព័ត៌មាន ដោយមានភ្ជាប់ជាមួយនូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណនិងការងារ ព្រមទាំងមានលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរពីស្ថាប័ន ឬ អង្គភាពមាននីតិសម្បទា
- ការធ្វើដំណើររបស់អ្នកដំណើរតាមផ្លូវអាកាសទៅអាកាសយានដ្ឋាន ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារ បញ្ជាក់អត្តសញ្ញាណ និងឯកសារពាក់ព័ន្ធនឹងការធ្វើដំណើរ។ ចំពោះការធ្វើដំណើររបស់អ្នកដំណើរតាមផ្លូវ អាកាសចេញពីអាកាសយានដ្ឋាន ត្រូវអនុវត្តតាមវិធានផ្នែកសុខាភិបាលជាធរមាន
- ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកផ្នែកប្រតិបត្តិការដែលបម្រើការងារនៅអាកាសយានដ្ឋាន ដោយត្រូវ ភ្ជាប់មកជាមួយនូវឯក៏សារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាបេសកកម្ម ឬ លិខិតអនុញ្ញាតធ្វើដំណើរ របស់ស្ថាប័ន ឬ អង្គភាពសាមី
- ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ឬ មូលហេតុបន្ទាន់ក្នុងគ្រួសារ ប៉ុន្តែ មិនឱ្យលើសពី សមាជិក ៤ នាក់
- ការធ្វើដំណើរដើម្បីត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើ ចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល
- ការដឹកជញ្ជូនទំនិញ-សម្ភារៈ និងគ្រឿងឧបភោគបរិភោគគ្រប់ប្រភេទ ប៉ុន្តែ មិនឱ្យលើសពីសមាជិក ២ នាក់ និងមិនត្រូវប្រមូលផ្តុំគ្នាឡើយ។ ដោយឡែកចំពោះការដឹកជញ្ជូនម្ហូបអាហារ និងភេសជ្ជៈគ្រប់ប្រភេទ ក្នុងអំឡុងពេលអនុវត្តបម្រាមគោចរត្រូវបានហាមឃាត់
- ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ
- សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន
- ឱសថស្ថាន
- សេវាពន្លត់អគ្គីភ័យ
- សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត
- សេវាបម្រើប្រតិបត្តិការផ្នែកទូរគមនាគមន៍
- ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវី៥-១៩
- ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សន៍ និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រផ្សេងទៀត
- ស្ថានីយប្រេងឥន្ធនៈ-ហ្គាស
- សេវាសណ្ឋាគារ និងជួនសំណាក់
- ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ
- ករណីចាំបាច់ និងសេវាសាធារណៈចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕