(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី១៥នាក់ សម្រាប់រយៈពេល ១៤ថ្ងៃបន្ថែមទៀត គិតចាប់ពីម៉ោងសូន្យថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ។

នៅក្នុងសេចក្តីសម្រេចនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានសម្រេចលើកលែងក្នុងករណីដូចខាងក្រោម៖

* ទី១៖ ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា

* ទី២៖ ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយពេលយកសំណាកសាកសពទៅវិភាគរកមេរោគកូវីដ-១៩ ដោយទទួល បានលទ្ធផលអវិជ្ជមាន

* ទី៣៖ ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ការយកវត្ថុសំណាក មកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

* ទី៤៖ ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត

* ទី៥៖ ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ

* ទី៦៖ ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្តី

* ទី៧៖ ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

នៅក្នុងសេចក្តីសម្រេចនេះក៏បានបញ្ជាក់ដែរថា រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ផងដែរ៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖