Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ផ្ញើសារលិខិតរំលែកទុក្ខ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ចំពោះមរណភាពឧបាសក ឈន សម្បត្តិ ត្រូវជាឪពុកបង្កើត

11-08-2021 17:31

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតរំលែកទុក្ខ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងក្រុមគ្រួសារចំពោះមរណភាពឧបាសក ឈន សម្បត្តិ ត្រូវជាឪពុកបង្កើតរបស់លោក។ នេះបើយោងតាម សារលិខិតរំលែកទុក្ខ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានសរសេរក្នុងសាររំលែកទុក្ខនេះ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖

ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៉ីវិល និងមន្ត្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ មានសេចក្តីក្តុកក្តួល រន្ធត់ចិត្ត ឥតឧបមា ដោយបានទទួលដំណឹងថា ឧបាសក ឈន សម្បត្តិ ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១៥ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៦៖៣០នាទីព្រឹក ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ ។

នៅក្នុងវេលាពោរពេញដោយសមានទុក្ខ និងដោយសេចក្តីសោកស្តាយជាពន់ពេកនេះ ខ្ញុំសូមចូលរួមរំលែក នូវមរណទុក្ខដោយសេចក្តីសង្វេគជាទីបំផុត ជាមួយ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឧបាសក ឈន សម្បត្តិ ដែលត្រូវជា បិតា ជីតា អ្នកមានគុណ ប្រកបដោយព្រហ្មវិហារធម៌មួយរូប ដែលលោកបានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅតាំងពីតូចៗរហូតដល់ ឧបាសក បានលាចាកលោកនេះទៅ។

ជាថ្មីម្តងទៀត ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសក ឈន សម្បត្តិ ឱ្យបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម នាយឧត្តមសេនីយ៍ និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅ និងការរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតពីខ្ញុំ៕