(កណ្ដាល)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំជាថ្មីម្ដងទៀត ដល់បណ្ដាអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំឱ្យបានរួចរាល់ទាំងអស់នូវទីតាំង សម្រាប់ការទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ប្រភេទថ្មី Delta និងអ្នកចត្តាឡីស័ក ចំពោះអ្នកពាក់ព័ន្ធ និងអ្នកជំងឺកូវីដ១៩ ប្រភេទថ្មីនេះ ឱ្យនៅដាច់ដោយឡែកពីគេ ដើម្បីងាយស្រួលព្យាបាល និងគ្រប់គ្រងឱ្យទាន់សភាពការណ៍ ពិសេសជៀសវាងការចម្លងជំងឺប្រភេទនេះ ដល់អ្នកជំងឺកូវីដប្រភេទធម្មតា។
ការបន្តណែនាំបែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើឡើងនៅក្នុងការចុះពិនិត្យវឌ្ឍនភាព ស្ថានភាពទូទៅនៃការបញ្ចប់ការងារសាងសង់អគារសម្រាប់ព្យាបាល អ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ដោយមានវត្តមានវត្តមានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំខេត្តមួយចំនួន ដោយអនុវត្តតាមវិធានការសុខាភិបាល យ៉ាងខ្ជាប់ខ្ជួនផងដែរ។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រីក៏បានកោតសរសើរ ដល់លោកអភិបាលខេត្តកណ្ដាល ដែលបានរៀបចំចាត់ចែងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានល្អប្រសើរ ហើយបានរៀបចំទីតាំងសម្រាប់ទទួលបណ្ដាពលករមកពីបរទេស ដើម្បីធ្វើចត្តាឡីស័ក និងទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ១៩ ប្រភេទបានរួចរាល់ជាស្ថាពរនៅតាមបណ្ដាគ្រប់ស្រុក និងក្រុងទាំង១១ របស់ខ្លួន បានទាម់ពេលវេលា និងមានសភាពល្អប្រសើរ។
ព្រមជាមួយគ្នានេះដែរ លោកសាស្ត្រចារ្យ ម៉ម ប៊ុន ហេង បានសរសើរដល់លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល ដែលបានដឹកនាំក្រុមការងារពេទ្យទាំងអស់ ចុះធ្វើការទាំងថ្ងៃ ទាំងយប់ដោយមិនគិតពីការនឿយហត់ឡើយ ដែលនេះជាសកម្មភាពគួរឱ្យសរសើរ និងលើកទឹកចិត្តបន្ថែមទៀត ចំពោះកងទ័ពអាវ-ស ដ៏ក្លាហាន និងចិត្តធម៌ទាំងអស់។
ទន្ទឹមនឹងសារនេះដែរ លោកគង់ សោភ័ណ្ឌ ក៏បានរាយការណ៍ជូនពីលទ្ធផលនៃសកម្មភាពការងារដ៏ត្រចះត្រចង់ក្នុងការគ្រប់គ្រងស្ថានភាពកូវីដ១៩ នៅក្នុងមូលដ្ឋានខេត្តកណ្ដាល ព្រមទាំងជំរុញ និងកោតសរសើរបណ្ដាក្រុមគ្រូពេទ្យទាំងអស់ឱ្យបន្តនូវកិច្ចការនេះប្រកបដោយប្រសិទ្ធភាព។
បើតាមលោក គួយ ប៊ុនធឿន បានលើកឡើងថា លោករដ្ឋមន្ត្រីបានយល់ព្រម និងបន្តប្រគល់នូវឧបករណ៍ខ្វះខាតមួយចំនួនសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ឆាប់ៗនេះ ឱ្យគ្រប់ចំនួន ដើម្បីឆ្លើយតបទៅនឹងសភាពជាក់ស្ដែង ហើយបានប្ដេជ្ញាថានឹងដឹកនាំមន្ត្រីពេទ្យទាំងអស់ដាក់ចិត្តដាក់កាយកាន់តែស្វាហាប់ឡើង ក្នុងការតស៊ូស្វិតស្វាញនឹងជំងឺកូវីដ១៩នេះ ពិសេសព្យាយាមព្យាបាលអ្នកជំងឺឱ្យជាសះស្បើយ ឱ្យអស់ពីសមត្ថភាពរបស់ខ្លួន។
សូមជម្រាបជូនថា អគារទាំងពីរនេះ គឺជាអំណោយរបស់លោកស្រីឧកញ៉ា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ អគារទី១ ឈ្មោះថា «អគារវះកាត់ សុភាវី» មានទំហំ ៤០ម៉ែត្រ គុណ ១៣ម៉ែត្រ កម្ពស់ ៥ជាន់ សាងសង់សម្រេចបាន ៨៥% និងអគារទី២ ឈ្មោះថា «អគារសម្ភព សុភាវ័ន្ត» មានទំហំ ៤០ម៉ែត្រ គុណ ១៣ម៉ែត្រ កម្ពស់ ៤ជាន់ សាងសង់សម្រេចបាន ៧០%។
ដោយពិនិត្យឃើញថារដ្ឋបាលខេត្តកណ្ដាល កំពុងប្រឈមនឹងការខ្វះអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍ សហគមន៍ ២០ កុម្ភៈ លោកស្រីឧកញ៉ា បានសម្រេចប្រគល់អគារវះកាត់ សុភាវី និងអគារសម្ភពសុភាវ័ន្ដ នៃមន្ទីរពេទ្យបង្អែកជ័យជំនះ ដែលទើបសាងសង់សម្រេចបានដូចខាងលើ ជូនដល់រដ្ឋបាលខេត្តនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ដើម្បីយកទៅចាត់ចែងសាងសង់បញ្ចប់ ដើម្បីប្រើប្រាស់សម្រាប់ឆ្លើយតបទៅនឹងស្ថានភាពអ្នកជំងឺកូវីដ១៩ កំពុងមានការកើនឡើង និងប្រើប្រាស់សម្រាប់ផ្ដល់សេវាព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ នៅពេលជំងឺកូវីដ១៩ ត្រូវបានលុបបំបាត់ទាំងស្រុងផងដែរ។
គិតមកដល់ពេលនេះ អគារទាំងពីរសម្រេចលទ្ធផលសាងសង់បាន១០០% អាចទទួលព្យាបាលអ្នកជំងឺបានប្រមាណ ៣០០នាក់ បំពាក់ទៅដោយសម្ភារបរិក្ខារទំនើបៗនឹងចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺក្នុងពេលឆាប់ៗខាងមុខនេះ៕