(សៀមរាប)៖ ទូរស័ព្ទស្មាតហ្វូន iPhone, Samsung និង LG គេចពន្ធជិត៥០០គ្រឿង ត្រូវកម្លាំងគយប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ផ្នែកច្រកអ្នកដំណើរ ស្ទាក់ចាប់បាននៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ដោយដាក់តាមវ៉ាលី។
មន្រ្តីគយបានប្រាប់ Fresh News នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦នេះថា នៅម៉ោងប្រមាណ១១៖៣០នាទី យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ មន្រ្តីគយបានឆែករកឃើញទូរស័ព្ទ Samsung និង iPhone ២វ៉ាលីសមានចំនួន២៦៥គ្រឿង តាមជើងហោះហើរលេខ OZ737 (Seoul-Siem Reap) ពីអ្នកដំណើរជនជាតិកូរ៉េឈ្មោះ Kang Donghwa។
មន្ត្រីដដែលបញ្ជាក់ទៀតថា លុះនៅម៉ោង១១៖៤៥នាទី សមត្ថកិច្ចគយក៏បង្ក្រាបបានទូរស័ព្ទប្រើរួចម៉ាក Samsung និងម៉ាក LG ២វ៉ាលីសទៀត ចំនួន២០៦គ្រឿង ពីអ្នកដំណើរជនជាតិកូរ៉េឈ្មោះ Kim Namgyu និងឈ្មោះ Kong Sang Moon តាមជើងហោះហើរលេខ BX721 (Busan-Siem Reap) ផងដែរ។
ក្រោយការឆែកឆេរឃើញហើយ ទូរស័ព្ទគេចពន្ធទាំង៤៧១គ្រឿង ត្រូវបានយកទៅរក្សាទុករង់ចាំម្ចាស់ចូលមកបង់ពន្ធអាករ ឲ្យបានត្រឹមត្រូវតាមច្បាប់៕