(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតរំលែកទុក្ខ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងក្រុមគ្រួសារចំពោះមរណភាពឧបាសក ឈន សម្បត្តិ ត្រូវជាឪពុកបង្កើតរបស់លោក។ នេះបើយោងតាម សារលិខិតរំលែកទុក្ខ របស់សម្តេចក្រឡាហោម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។
សម្តេចក្រឡាហោម ស ខេង បានសរសេរក្នុងសាររំលែកទុក្ខនេះ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖
ខ្ញុំ និងភរិយា មានសេចក្តីសង្វេគសោកស្តាយឥតឧបមាចំពោះមរណភាពរបស់ ឧបាសក ឈន សម្បត្តិ ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ឈន សារ៉ាណេ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។
ស្ថិតក្នុងវេលាប្រកបដោយសេចក្តីទុក្ខព្រួយដ៏សង្វេគក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកមរណទុក្ខជាមួយ ឯកឧត្តម និងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវអ្នកមានគុណ ជាឪពុក និងជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅជាទីបំផុត ដែលកន្លងមក ឧបាសក ឈន សម្បត្តិ បានតស៊ូពុះពារចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ខ្ញុំ និងភរិយា ខ្ញុំសូមចូលរួមរំលែកនូវទុក្ខព្រួយដ៏ក្រៀមក្រំនេះជាមួយឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ឈន សម្បត្តិ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម នាយឧត្តមសេនីយ៍ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ទទួលនូវសេចក្តីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕