(ព្រះសីហនុ)៖ នារសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មន្រ្តីនគរបាលខេត្តព្រះសីហនុចំនួន៤៦នាក់ ដែលមានវិជ្ជមានកូវីដ១៩ បានទទួលថវិកាដែលជាការឧបត្ថម្ភលើកទី២ របស់លោក គួច ចំរើន អភិបាលខេត្ត និងលោកស្រី ដែលម្នាក់ៗទទួលបាន១លានរៀល។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងថា ថវិកាសរុបរបស់លោកអភិបាលខេត្តមានចំនួន៤៦លានរៀល។ បើតាមលោកឧត្តមសេនីយ៍ស្នងការ មន្រ្តីនគរបាលទាំង៤៦នាក់ ក្នុងនោះបានជាសះស្បើយចំនួន៤៤នាក់ និង២នាក់ កំពុងសំរាកព្យាបាលនៅក្នុងផ្ទះរបស់ខ្លួនក្នុងខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ស្នងការ តំណាងឲ្យមន្រ្តីនគរបាលទាំង៤៦នាក់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកអភិបាល និងលោកស្រី សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ចៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺអាយុ វណ្ណៈ សុខ: ពលៈ គប្បីភ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា លើកទី១ ថវិការឧបត្ថម្ភដ៏ថ្លៃថ្លាចំនួន ១៩លានរៀល (ម្នាក់១លានរៀល) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ដែលត្រូវផ្តល់ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្នាននគរបាលខេត្តព្រះសីហនុ ដែលមានវិជ្ជមានកូវីដ-១៩៕