(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានព្រមានលុបអាជ្ញាបណ្ណក្រុមហ៊ុនទូរសព្ទចល័ត ដែលលក់ និងចែកចាយស៊ីមកាត គ្មានឯកសារអត្ដសញ្ញាណអ្នកប្រើប្រាស់។ នេះបើសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែសីហានេះ។
ការចេញមកព្រមានខ្លាំងៗបែបនេះ បន្ទាប់ពីក្រសួងបានរកឃើញ ជាក់ស្តែងជាបន្តបន្ទាប់ថា ក្រុមហ៊ុន វៀតធេល (ខេមបូឌា) និងក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើសកម្មភាពលក់ និងចែកចាយស៊ីមកាត នៅតាមទីតាំងមួយចំនួន ដោយពុំតម្រូវឲ្យមានឯកសារសម្គាល់ អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។
សកម្មភាពនេះបង្ហាញឲ្យឃើញនូវការបន្តអនុវត្ត ផ្ទុយនឹងសារាចរអន្តរក្រសួងលេខ០០១ សរ.ផម-បទ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ និងសេចក្តីណែនាំរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា។
ដើម្បីពង្រឹងសណ្តាប់ធ្នាប់ លើវិស័យទូរគមនាគមន៍ និងសន្តិសុខជាតិ តាមរយៈការទប់ស្កាត់ការប្រើប្រាស់ស៊ីមកាត ដែលមិនមានឯកសារសម្គាល់ អត្តសញ្ញាណត្រឹមត្រូវ ក្រសួងបញ្ជាក់ពីការចាត់វិធានការលើប្រតិបត្តិករ ផ្ដល់សេវាទូរសព្ទចល័តទាំងពីរ ដោយតម្រូវឲ្យបញ្ឈប់ជាបន្ទាន់នូវការលក់ និងចែកចាយ ស៊ីមកាត ដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ តាមគ្រប់រូបភាព ឬមធ្យោបាយ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណីជនទុច្ចរិត ទិញស៊ីមកាតមិនមានឯកសារសម្គាល់ អត្តសញ្ញាណពីក្រុមហ៊ុន ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ទោះបីក្រុមហ៊ុន មិនបានប្រព្រឹត្តក៏ដោយ នោះមានន័យថា ក្រុមហ៊ុនបានចូលរួមចំណែកប្រព្រឹត្តអំពើខុសច្បាប់ ឬឃុបឃិតជាមួយជនទុច្ចរិតដោយប្រយោល។
ប្រសិនបើប្រតិបត្តិករ ផ្ដល់សេវាទូរសព្ទចល័ត នៅតែមិនអនុវត្តតាមចំណាត់ការខាងលើ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចាត់វិធានការដូចខាងក្រោម៖
១៖ ព្យួរ ឬលុប អាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវាទូរសព្ទចល័ត
២៖ បង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករ
៣៖ ចាត់វិធានការផ្សេងទៀត ស្របតាមមាត្រា៧៨ នៃច្បាប់ស្តីពី ទូរគមនាគមន៍
៤៖ រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវប្រឈមចំពោះមុខច្បាប់ព្រហ្មទណ្ឌ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តតាមដាន និងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ចំពោះប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តណា ដែលបានប្រព្រឹត្តខុសច្បាប់៕