(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាព និងសួរសុខទុក្ខក្រុមអាជីវករ ដែលបាននាំគ្នាមកលក់ដូរ នៅផ្សារត្នោតជួរ ស្ថិតក្នុងភូមិជំនីក ឃុំអន្លង់វិលស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាកន្លែងរៀបចំថ្មី មានលក្ខណៈរក្សាគម្លាតសុវត្ថិភាពពីទីតាំង មួយទៅទីតាំងមួយទៀត មានប្រវែង៥ម៉ែត្រ ខណៈផ្សារក្នុងខេត្តត្រូវបានរដ្ឋបាលខេត្ត ប្រកាសបិទខ្ទប់ជាបណ្ដោះអាសន្ន។
លោក ងួន រតនៈ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តការចូលរួមអនុវត្តវិធានការសុវត្ថិភាព «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នាពេលខាងមុខ ដែលប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនឲ្យឆ្លងបន្តទៅមុខទៀត។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចធ្វើការបិទខ្ទប់ទីតាំងផ្សារនានា ដែលមានចំនួនរហូតដល់៥៩ផ្សារ ក្នុងខេត្តបាត់ដំបង ក្នុងហេតុផលដើម្បីចូលរួមទប់ស្កាត់ ការឆ្លង រីករាលដាល នៃជំងឺកូវីដ-១៩ ខណៈដែលខេត្តបាត់ដំបង ក៏ដូចជាខេត្តរាជធានីនៃប្រទេសកម្ពុជាកំពុងផ្ទុះឆ្លងជំងឺកូវីដ-១៩ ចូលដល់សហគមន៍ផងដែរ៕