(កំពង់ធំ)៖ លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានជំរុញឱ្យប្រជាពលរដ្ឋធ្វើការដំណាំ ដើម្បីបង្កើនជីវភាពគ្រួសារ និងលើកស្ទួយវិស័យកសិកម្ម នៅកម្ពុជា។

ការជំរុញបែបនេះរបស់លោក គៀង សេងគី បានធ្វើឡើងក្នុងឱកាសផ្តល់គ្រាប់ពូជបន្លែ និងសម្ភារកសិកម្ម ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១៥គ្រួសារ នៅស្រុកតាំងគោក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីសមាជិក សមាជិកាអង្គការដៃគូ អាជ្ញាធរដែនដី។

លោក គៀង សេងគី បានលើកឡើងថា កម្មវិធីនេះបានរៀបចំដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ មានការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់, វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការអេដអាក់ស្យុង (AEA)។

ជាមួយគ្នានេះ លោក គៀង សេងគី បានថ្លែងអំណរគុណដល់អង្គការដៃគូ និងអាជ្ញាធរដែនដីដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ ស្ត្រីមេមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងប្ដូរផ្ដាច់ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យជាពិសេសវិស័យកសិកម្មឧស្សាហកម្មដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជានឹងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋរួមទាំងដោះស្រាយបញ្ហាប្រឈមនានាផងដែរ។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាពដោយបរិភោគទឹកស្អាត សម្រាកក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះចៀសវាងការកើតមានជំងឺផ្សេងៗ។ ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយ ប្រចាំថ្ងៃដោយផ្លាស់ប្តូរ ទំលាប់មិនល្អ និងផ្តល់ឱកាសឱ្យកូនបានសិក្សារៀនសូត្រដោយប្រែក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។

ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី បានថ្លែងអំណរគុណដល់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ អង្គការដៃគូ និងរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់លើប្រជាពលរដ្ឋខ្វះខាត ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ៕