(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសអំពីការរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta ចំនួន៤៤ករណីថែមទៀត នៅក្នុងប្រទេសកម្ពុជា ដែលករណីថ្មីនេះ ត្រូវបានរកឃើញសម្រាប់ថ្ងៃទី១០ ខែសីហា ម្សិលមិញ។

តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីចំនួន៤៤ករណីនេះ ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ចំនួន៣ករណី, កំពង់ស្ពឺ ៤ករណី, សៀមរាប៤ករណី, ព្រះវិហារ៤ករណី, កោះកុង១ករណី, ឧត្តរមានជ័យ ១៤ករណី និងខេត្តស្វាយរៀង ចំនួន១២ករណីផងដែរ។

គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នក មានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើង ហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤២៩នាក់ (ស្រី្ត ២០៩នាក់)។

យោងតាមលទ្ធផលខាងលើនេះ បង្ហាញឱ្យយើងឃើញថា វីរុសដែលតា (Delta) បាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុង សហគមន៍របស់យើង ជាពិសេសខេត្តឧត្តរមានជ័យរាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្តាខេត្តមួយចំនួន ទៀត។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយ ទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួន ឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា៖ «រៀនស់នៅធម្មតាជាមួយវីរុសកូវីដ-១៩តាម បែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវី៥-១៩ ជាពិសេសពពួក ប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ សូមបន្ត អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវ ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ រីឯបុគ្គលដែលតម្រូវឱ្យធ្វើ ចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរព ទៅតាមការណែនាំរបស់ គណៈ កម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ៕