(ពោធិ៍សាត់)៖ បុរសម្នាក់ប្រើកាំភ្លើង AK បានបាញ់២គ្រាប់ បណ្តាលឲ្យត្រូវប្រអប់ជើងឆ្វេងជនរងគ្រោះជា អ្នកដឹកឈើក្រាក់ ពីព្រោះតែខឹងទារលុយថ្លៃដឹកឈើមិនបាន នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចអូរថ្មដំរី ភូមិព្រងិល ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦នេះថា ជនសង្ស័យ មានឈ្មោះ មិន ខន អាយុ ៥០ឆ្នាំ ជាអ្នកយាមដីអភិវឌ្ឍន៍ ឲ្យមន្ត្រីយោធា នៃក្រសួងការពារជាតិម្នាក់ រស់នៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ដោយឡែកជនរងគ្រោះឈ្មោះ ញន វុធ អាយុ៣៨ឆ្នាំ រស់នៅភូមិចាមចាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងបណ្តាលមកពីជនសង្ស័យ ខឹងទារលុយពីគោយន្តកន្ត្រៃដឹកអុសក្រាក់ ចំនួន៤គោយន្ដ ក្នុង១គោយន្ដចំនួន៣០០០រៀល មិនបាន ដោយជនរងគ្រោះសុំឲ្យ តែក្នុង១គោយន្ដ តែ២០០០រៀលប៉ុណ្ណោះ ទើបឈានដល់ការបាញ់គំរាម បណ្តាលឲ្យដាច់ប្រអប់ជើងខាងឆ្វេងជនរងគ្រោះដូច្នេះ។
សមត្ថកិច្ចបានបន្តថា ក្រោយពេលកើតហេតុ ជនសង្ស័យព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាលរដ្ឋបាលឈើតុំ ចុះស្រាវជ្រាវ និងធ្វើការឃាត់ខ្លួន មកសួរនាំ និងចាត់ការតាមីតិវិធី។
ដោយឡែកកាំភ្លើងដែលបង្ករបួស ត្រូវបានទាហានការពារដីនោះដែរ ឈ្មោះ សុខ ហឿន យកទៅរក្សាទុកនៅផ្ទះមេរបស់គេ ឈ្មោះ មាស ម៉មវុទ្ធី នៅខេត្តពោធិ៍សាត់៕