(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណរិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ព្រមទាំងអភិបាលរងខេត្ត នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានចុះពិនិត្យស្ថានភាពទំនាស់ដីធ្លី ដ៍រ៉ាំរ៉ៃក្នុងភូមិសេរី ឃុំច្រេស ស្រុកកំពង់ត្រឡាច ដើម្បីឈានទៅរកការដោះស្រាយបញ្ចប់រឿង ដែលភាគីទាំងសងខាងអាចទទួលយកបាន។
តាមការបញ្ជាក់ពីលោកមេភូមិ ដែលបានរាយការជូនឯកលោកមអភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារ ដែលចុះសិក្សាស្វែងយល់ពីទំនាស់ខាងលើនេះ បានឱ្យដឹងថា ទំនាស់នេះកើតឡើងដោយសារការបិទផ្លូវរវាងប្រជាពលរដ្ឋ ៣គ្រួសារ ជាមួយប្រជាពលរដ្ឋ៥៥គ្រួសារ ដោយភាគីខាង៣គ្រួសារអះអាងថា ជាដីកម្មសិទ្ឋរបស់ខ្លួនចំណែកប្រជាពលរដ្ឋ៥៥គ្រួសារ អះអាងថា ជាដីផ្លូវរទេះធ្លាប់ធ្វើដំណើរតាំងពីយូណាស់មកហើយ។
ក្នុងឱកាសនោះលោក អភិបាលខេត្ត និងលោកស្រីអ្នកតំណាងរាស្ត្រ បានចុះពិនិត្យស្ថានភាពដីទំនាស់ដោយផ្ទាល់ និងបានស្តាប់ការលើកឡើងរបស់ភាគីទាំងសងខាងគឺខាងភាគី៣គ្រួសារ ដែលបានបិទផ្លូវ ដោយសំអាងថា ជាដីកម្មសិទ្ធិរបស់ខ្លួន និងភាគីខាង៥៥គ្រួសារ ដែលអះអាងថា ជាដីផ្លូវរទេះធ្លាប់ធ្វើដំណើរតាំងពីយូរណាស់មកហើយ។
ក្រោយពីបានពិនិត្យ និងស្តាប់ការបកស្រាយរបស់ភាគីទំនាស់ភាគីទាំង២រួចមក លោក ស៊ុន សុវណ្ណារិទ្ធ បានសំណូមពរដល់ភាគីទំនាស់ទាំងសងខាង សូមរក្សាភាពស្ងប់ស្ងៀម ទុកឲ្យអាជ្ញាធរចុះសិក្សាពីទំនាស់ដ៏រាំរៃនេះ ឱ្យបានស៊ីជំរៅ ដើម្បីសំដៅស្វែងរកយន្ដការដោះស្រាយមួយ មានតម្លាភាព និងតាមគោលនយោបាយឈ្នះឈ្នះ ដែលអាចទទួលយកបានដោយសន្តិវិធីទាំងអស់គ្នា។
ជាមួយគ្នានេះ លោកអភិបាលខេត្ត នឹងបង្កើតឱ្យមានគណៈកម្មការដោះស្រាយទំនាស់១ក្រុមដែលដឹកនាំដោយអភិបាលខេត្តមួយរួប រួមនិងមន្ត្រីជំនាញ ចុះសិក្សាស្វែងយល់ពីមូលហេតុទំនាស់ ដែលបានកើតឡើង ឱ្យបានច្បាស់លាស់ស៊ីជំរៅ ដើម្បីឈានដល់ការដោះស្រាយទួលបានជោគជ័យ និងអាចទទួលយកបានទាំងសងខាង។
ក្រោយស្តាប់ការពន្យល់របស់អាជ្ញាធរខេត្តរួចមក ប្រជាពលរដ្ឋទាំង២ភាគី បានយល់ស្រប ដោយរង់ចាំការដោះស្រាយដោយសន្តិវិធី របស់គណៈកម្មការក្រោយការចុះសិក្សាស្វែងយល់របស់ក្រុមការងារដោះស្រាយទំនាស់៕