(កំពត)៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានបើកសិក្ខាសាលាក្រោមប្រធានបទ «ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ» ដើម្បីចែករំលែកចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តកំពត ឱ្យទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ដែលជាប្រយោជន៍យ៉ាងសំខាន់ដល់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការអភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួនកាន់តែរីកចម្រើនបន្ថែមទៀត។

ពិធីនេះ ធ្វើឡើងក្រោមវត្តមានលោក ជាវ តាយ អភិបាលខេត្តកំពត ដោយចូលរួមពីលោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកឧកញ៉ា ចាន់ ស៊ីថា ប្រធានសមាគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា ខេត្តកំពត និងមន្ត្រីនៃមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធចំណុះសាលាខេត្តកំពត ដែលមានការជួយឧបត្ថម្ភពី ធនាគារឯកទេសវីង ធនាគារព្រីនស៍ ក្រុមហ៊ុនមិត្តហ្វូន អង្គការតម្លាភាពកម្ពុជា និងក្រុមហ៊ុន ប៊ី អេស លេន អេន ហូម ខូ អិលធីឌី។ ដែលកិច្ចប្រជុំនេះធ្វើឡើង នៅសាលាខេត្តកំពត តាមប្រព័ន្ធអនឡាញ (Zoom)។

នាឱកាសនេះដែរ លោក ជាវ តាយ បានចាត់ទុកអង្គសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ ដោយសារនៅក្នុងខេត្តកំពត មានសហគ្រាសធុនតូច និងមធ្យមក្នុងខេត្ត មានចំនួន សរុប៥២មូលដ្ឋាន ដែលកំពុងត្រូវការ ចំណេះដឹងថ្មីៗបន្ថែមទៀត ក៏ដូចជាត្រូវការជួយជ្រោមជ្រែងបន្ថែមឲ្យពួកគាត់ជាម្ចាស់សហគ្រាសទាំងនោះ ដែលនៅមានកង្វះខាតជាច្រើន ទាំងផ្នែកបច្ចេកទេស ផ្នែកទីផ្សារ ក៏ដូចជាធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់។

ទន្ទឹមនេះលោកអភិបាលខេត្ត ក៏បានកោតសរសើរចំពោះលោកឧកញ៉ា តែ តាំងប៉ និងលោកឧកញ៉ា ចាន់ ស៊ីថា ព្រមទាំងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត និងដៃគូរឧបត្ថម្ភនានា ព្រមទាំងអង្គភាព ស្ថាប័នរដ្ឋ និងវិស័យឯកជន ដែលជាវាគ្មិនចូលរួមធ្វើបទបង្ហាញទាំងអស់ បានរួមសហការគ្នាផ្តួចផ្តើម រៀបចំឱ្យមានអង្គសិក្ខាសាលានេះឡើង ជាប្រយោជន៍យ៉ាងសំខាន់ដល់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តកំពត ទទួលបានចំណេះដឹងថ្មីៗ បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការអភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួនកាន់តែរីកចម្រើនបន្ថែមទៀត។

លោកអភិបាលខេត្ត ក៏សង្ឃឹមយ៉ាងមុតមាំថា សមាជិកដែលមានវត្តមាននៅក្នុងអង្គសិក្ខាសាលាថ្ងៃនេះ ក្រោយពីបានខិតខំយកចិត្តទុកដាក់ទទួលការបណ្តុះបណ្តាលពេញមួយថ្ងៃ នឹងយកចំណេះដឹងទាំងអស់នេះទៅកសាងអាជីវកម្មរបស់ខ្លួនប្រកបដោយភាពជោគជ័យបន្ថែមទៀត៕