(ស្ទឹងត្រែង)៖ គណៈកម្មាការគ្រប់គ្រងដីរដ្ឋខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បើកកិច្ចប្រជុំពិភាក្សាស្តីពីការបែងដីសម្បទានសង្គមកិច្ចក្នុងគម្រោងអភិវឌ្ឍសេដ្ឋកិច្ចជំហានទី៣ (LASED III ) ជូនប្រជាពលរដ្ឋ មានជីវភាពក្រលំបាកខ្វះខាតពិតប្រាកដនៅក្នុងភូមិ អន្លង់ស្វាយ ឃុំព្រះរំកឹល ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាកាគ្រប់គ្រងដីរដ្ឋខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកបុរីអូស្វាយសែនជ័យ ប្រធាន អនុប្រធានមន្ទីជំនាញពាក់ព័ន្ធ និងអ្នកពាក់ព័ន្ធជាច្រើននាក់។
លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង បានថ្លែងថា «ការស្នើសុំរៀបចំបែងចែកដីសម្បទានសង្គមកិច្ចក្នុងគម្រោង (LASED III) ជូនប្រជាពលរដ្ឋស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូស្វាយសែមជ័យនេះ ធ្វើឡើងដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលមានការខ្វះខាតយ៉ាងពិតប្រាកដ ជាពិសេសក្នុងឃុំព្រះរំកិល នេះតែម្តង។
លោកបានបន្តថា តាមរយៈគម្រោង (LASED III) នេះនឹងធ្វើឱ្យប្រជាពលរដ្ឋដែលមានក្រីក្រអាចមានជីវភាពល្អប្រសើរឡើងវិញ ព្រោះកន្លងមករាជរដ្ឋាភិបាលធ្លាប់បានធ្វើជោគជ័យម្តងរួចមកតាមរយៈ (LASED II)។
លោក ម៉ុម សារឿន បានឱ្យដឹងថា លោកមានការគាំទ្រចំពោះការរៀបចំផែនការបែងចែកដីសម្បទានសង្គមកិច្ច តាមរយៈគម្រោង ព្រោះនេះជាគម្រោងមួយដែលអាចឈានឆ្ពោះទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជួយដល់ប្រជាពលរដ្ឋស្រុកបុរីអូស្វាយសែនជ័យ ដែលមានស្ថានភាពខ្វះខាតអាចមានលទ្ធភាពស្តារសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់។
លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រោយប្រជុំចប់អាជ្ញាខេត្តបានសម្រេចបង្កើតរៀបចំក្រុមការងារចម្រុះចុះទៅធ្វើការសិក្សាលើផ្ទៃដីជាក់ស្តែងលើគម្រោងបែងចែកដីសម្បទានសង្គមកិច្ចក្នុងគម្រោង (LASED III ) ដើម្បីឱ្យបានស៊ីជម្រៅ អំពីទីតាំងផ្ទៃដីដែល និងត្រូវផ្តល់ជូនប្រជាពលរដ្ឋ និងដើម្បីឱ្យបានស៊ីជម្រៅទៅលើផលប៉ះពាល់ ព្រមទាំងបញ្ហាផ្សេងៗដែលអាចកើតមានលើផ្ទៃដីគម្រោងដែលកំពុងត្រៀមបែងចែកជូនប្រជាពលរដ្ឋ និងស្នើរទៅកាន់រាជរដ្ឋាភិបាលដើម្បីសម្រេចក្រោយបញ្ជប់ការចុះសិក្សាលើផហទៃដីជាក់ស្តែង។
សូមរំឮកផងដែលថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី៣ (LASEDIII) ក្របខណ្ឌគ្រប់គ្រងបរិស្ថាន និងសង្គមកិច្ច (ESMF) ដែលគម្រោងនេះមានការរៀបចំទ្បើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) នាថ្ងៃ៨ ខែមេសា ឆ្នាំ២០២០ កន្លងទៅ៕