(ភ្នំពេញ)៖ យុវជនទំនើងម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ ខណ្ឌចំការមន ធ្វើការឃាត់ខ្លួន ដោយសារតែផឹកស៊ីស្រវឹង បង្កជម្លោះវាយតប់គ្នានៅក្នុងក្លឹប «អារីណា» ហើយមិនអស់ចិត្តក៏នាំគ្នីគ្នា មកចាំវាយគូបដិបក្ខថែមទៀត។

សម្រាប់ហេតុការណ៌នេះ នៅពេលសមត្ថកិច្ចទៅណែនាំ ក្រុមក្មេងទំនើងទាំងនេះ បានទាញដំបង និងខ្សែក្រវ៉ាត់ដេញវាយរបួស២នាក់ ទើបសមត្ថកិច្ចបាញ់ឡើងលើមេឃចំនួន២គ្រាប់ ដើម្បីការពារខ្លួន និងបន្ថយស្ថានការណ៍។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១៖១៥នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៤៨៤ កែងនឹងផ្លូវលេខ១០៣ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុជនទំនើងខាងលើនេះ និងមិត្តភក្តិបាននាំគ្នាចូលផឹកស៊ី នៅក្នុងក្លឹបកំសាន្ត អារីណា ហើយក៏បានបង្កជម្លោះវាយតប់គ្នាជាមួយភាគីម្ខាងទៀត ហើយពេលនោះសន្តិសុខក្លឹបក៏បានឃាត់ និងឱ្យចេញមកក្រៅ រួចទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យមកជួយអន្តរាគមន៍ ។

សមត្ថកិច្ចបន្តថា បន្ទាប់ពីធ្វើការសម្របសម្រួលភាគីម្ខាងទៀត បានចូលទៅក្នុងក្លឹបវិញ ចំណែកភាគីជនទំនើងមិនអស់ចិត្ត ក៏បានហៅបក្ខពួកជាច្រើននាក់ទៀត មកបន្ថែមចាំវាយពេលចេញមកវិញ។ ឃើញដូច្នេះកម្លាំងសមត្ថកិច្ច៤នាក់ បានទៅធ្វើការណែនាំ ប៉ុន្តែក្មេងទំនើងស្រវឹងស្រាជោកជាំ បានស្រែកខ្លាំងៗមកលើសមត្ថកិច្ច បានទាញដំបង និងខ្សែក្រវ៉ាត់ដេញវាយបណ្តាលឱ្យរបួស២នាក់ ដោយម្នាក់ត្រូវជើង និងម្នាក់ទៀតបែកមាត់ សមត្ថកិច្ចក៏សម្រេចចិត្តបាញ់ឡើងលើមេឃ២គ្រាប់ ដើម្បីការពារខ្លួន ។

ពេលបាញ់ការពារខ្លួនហើយនោះ ពួកគេបែរជាមិនខ្លាចហើយដេញវាយ សមត្ថកិច្ចដើម្បីដណ្តើមកំាំភ្លើង ប៉ុន្តែត្រូវបានសន្តិសុខតាមក្បែរនោះ និងប្រជាពលរដ្ឋនាំគ្នាជួយ ទើបពួកគេរត់ចែកជើងគ្នា ភ្លាមនោះសមត្ថកិច្ចដេញតាម ហើយជនទំនើងខាងលើថែមទាំងធាក់ម៉ូតូសមត្ថកិច្ច រួចក៏ធ្លាក់ជង្ហុកខ្លួនឯងដួល និងព្យាយាមរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋដេញចាប់បាន និងទប់កំហឹងមិនបានវាយម្នាក់មួយដៃមួយជើង របួសបែកមុខបែកមាត់ ។

ក្រោយមកសមត្ថកិច្ចបាននាំខ្លួនជនទំនើងរូបនោះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីសួរនាំបន្តចាត់ការតាមច្បាប់៕