(កណ្ដាល)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអំពាវនាវ និងបានជំរុញបន្ថែមទៀតដល់បិតា មាតា និងអាណាព្យាបាលទាំងអស់ សូមនាំកូនដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។

ការអំពាវនាវបែបនេះ របស់លោក ណុប ដារ៉ា បានធ្វើឡើងនៅក្នុងឱកាសដែលលោកដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពការចាក់វ៉ាក់សាំងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ។

លោកអភិបាលរងខេត្តបានបន្តថា៖ «ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺបានធ្វើឱ្យយើងជៀសផុតពីការឆ្លងនូវជំងឺដ៏កាចសាហាវមួយនេះ ដូច្នេះសូមអាណាព្យាបាល ដែលមានកូនចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ អញ្ជើញនាំកូនមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា»

លោកក៏បានណែនាំដល់ក្មួយៗ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចហើយ សូមកុំមានការធ្វេសប្រហែស និងនៅតែបន្តអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការ «៣កុំ និង៣ការពារ» ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាៗ ក្នុងគោលបំណងរួមគ្នាកាត់ផ្ដាច់នូវខ្សែចម្លងចូលសហគមន៍ ដើម្បីឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឱ្យបាននាពេលខាងមុខឆាប់ៗ។

ទន្ទឹមនឹងការផ្ញើសារនេះដែរ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា កុមារមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ មានចំនួនសរុប ១១,៤៧៦នាក់ ស្រី ៥៦៣៧ នាក់ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មានចំនួន ១១,៤៥០នាក់ ស្រី ៥,៨៥៨នាក់ ស្មើនឹង៩៦%៕