(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ហើយពេលនេះក៏កំពុងបន្តចាក់ដូសទី៣ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព។
តាមរយៈទំព័រ Facebook ផ្លូវការនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា យើងមានលទ្ធភាពទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់គ្រាន់សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋ និងកំពុងបន្តចាក់ដូសជំរុញ ឬដូសទី៣»។
រហូតមកដល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងជាង ២០លានដូសរួចមកហើយ ដែលក្នុងនោះមានទាំងជំនួយ និងការបញ្ជាទិញ។ ចិនបានក្លាយជាប្រទេសបង្អែកវ៉ាក់សាំងដ៏ធំរបស់កម្ពុជា ដែលបានផ្តល់ជំនួយ និងផ្គត់ផ្គង់ច្រើនជាងគេបង្អស់។ ក្រៅពីនោះកម្ពុជាក៏ទទួលបានជំនួយពី ប្រទេសជប៉ុន ប្រទេសអង្គគ្លេស និងប្រទេសអាមេរិក និងតាមរយៈយន្ដការកូវ៉ាក់ ផងដែរ។
គួរបញ្ជាក់ដែរថា គិតត្រឹមយប់ថ្ងៃទី១០ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៨,៣៩៦,៦១៣នាក់៕