(សៀមរាប)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ នៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១នេះ បានធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាំងពីវេលាម៉ោង៤ទៀបភ្លឺ ឆ្ពោះមកកាន់ខេត្តសៀមរាប ដើម្បីពិនិត្យដំណើរការចាក់វ៉ាក់សាំង។
ខេត្តសៀមរាប គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៨ (សៀមរាប, បន្ទាយមានជ័យ, កំពង់ចាម, ស្វាយរៀង, ព្រះសីហនុ, កោះកុង, កំពង់ស្ពឺ, តាកែវ) ដែលការចាក់វ៉ាក់សាំង ត្រូវបានរ៉ាប់រងដោយក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ។
ក្នុងខេត្តសៀមរាប មានប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងចំនួនជាង ៤៥ម៉ឺននាក់។ ប្រជាពលរដ្ឋជាង ៤៥ម៉ឺននាក់នេះ បានចាក់វ៉ាក់សាំងដូសទី១រួចរាល់ ហើយកំពុងបន្តចាក់ដូសទី២។
ដំណើរចុះមកកាន់ខេត្តសៀមរាប របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាព្រឹកថ្ងៃនេះ ដើម្បីពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងដូសទី២ និងការចាក់ដូសទី៣ ជូនដល់កម្លាំងជួរមុខផងដែរ។
គិតត្រឹមថ្ងៃទី១០ ខែសីហា នៅក្នុងខេត្តទាំង៨ ដែលទទួលបន្ទុកដោយក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិនោះ ការចាក់វ៉ាក់សាំងដូសទី១ បានបិទបញ្ចប់ទាំងស្រុងហើយ ដោយចាក់ប្រជាពលរដ្ឋជាង ១.៣លាននាក់។
បច្ចុប្បន្នក្រុមការងារកងទ័ពកំពុងបន្តចាក់ដូសទី២។ ខេត្តខ្លះបានចាក់ដូសទី២រួចរាល់ហើយផងដែរ។ របាយការណ៍បានបង្ហាញថា ខេត្តទាំង៨នេះ ការចាក់ដូសទី២ បានជាង ១លាន ១០ម៉ឺននាក់ហើយ។
ក្នុងដំណើរចុះពិនិត្យការចាក់វ៉ាក់សាំងនៅក្នុងខេត្តសៀមរាប នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលបានតាមដាន និងធ្វើដំណើរពិនិត្យការចាក់វ៉ាក់សាំងជាប់ជាប្រចាំនោះ បានវាយតម្លៃ និងកោតសរសើរជាខ្លាំងចំពោះក្រុមការងារចាក់វ៉ាក់សាំងមកពីតាមបណ្តាអង្គភាពនានា ដែលបានយកចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងនេះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះថា «បងប្អូនកងកម្លាំងរបស់យើងគាត់បានយកចិត្តទុកដាក់ខ្ពស់ណាស់ លើការងារចាក់វ៉ាក់សាំងនេះ ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋយើងគាត់ទទួលបានវ៉ាក់សាំងការពារសុខភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកបង្ហាញពីខិតខំរបស់ក្រុមការងារចាក់វ៉ាក់សាំងទៀតថា «ដើម្បីសម្រេចផែនការរបស់រាជរដ្ឋាភិបាល របស់សម្តេចតេជោ ក៏ដូចជាការណែនារបស់សម្តេចពិជ័យសេនា ទៀ បាញ់ បងប្អូនកងកម្លាំងយើងគាត់ប្រឹងប្រែងខ្លាំងណាស់។ ពួកគាត់បានចាក់ជាប់ជាប្រចាំដោយមិនមានពេលសម្រាកនោះឡើយ ចាក់ចប់ដូសទី១ គឺបន្តចាក់ដូសទី២ ភ្លាមៗ យើងចាក់ឱ្យបានរហ័ស ដើម្បីវ៉ាក់សាំងចូលខ្លួនប្រជាពលរដ្ឋជួយការពារមេរោគកូវីដ១៩ ដែលកំពុងតែរាតត្បាតខ្លាំងក្នុងសង្គមយើង»។
ប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងអំណរគុណចំពោះក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលមានស្មារតីយកចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងនេះ។ បើទោះបីជាយ៉ាងណា លោក ឥត សារ៉ាត់ បន្តរំលឹកដល់ក្រុមការងារទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវស្មារតីយកចិត្តទុកដាក់លើការងារចាក់វ៉ាក់សាំងនេះឱ្យបានខ្ពស់បន្ថែមទៀត ដើម្បីសម្រេចផែនការចាក់វ៉ាក់សាំងជូនរាជរដ្ឋាភិបាលឱ្យបានតាមផែនការកំណត់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលបានចាក់វ៉ាក់សាំងរួចរាល់ បានបង្ហាញក្តីរីករាយចំពោះការបានចាក់វ៉ាក់សាំង។ ពួកគេ ចាត់ទុកវ៉ាក់សាំងជាឱសថដ៏មានគុណតម្លៃបំផុតសម្រាប់ជួយដល់សុខភាពរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតខ្លាំងនៅក្នុងខេត្ត។
ពួកគេបានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំង បានមើលឃើញថា សម្តេចតេជោជាមេដឹកនាំមួយរូប ដែលបានគិតគូរខ្ពស់បំផុតលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋ ក៏បានថ្លែងកោតសរសើរក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ដែលបានប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៕