(ត្បូងឃ្មុំ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានបន្ដនាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋកមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកតា និងលោកយាយ អាយុ១០០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

លោកតា និងលោកយាយ ទាំង៤នាក់ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ហើយទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាឱកាសនេះ រួមមាន៖

*ទី១៖ លោកតាឈ្មោះ យ៉ាំ ហយ អាយុ១០០ឆ្នាំ រស់នៅភូមិទី៦ ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ
*ទី២៖ លោកយាយឈ្មោះ កៅ ម៉ាស់ អាយុ១០១ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិគរ ឃុំគរ ស្រុកត្បូងឃ្មុំ
*ទី៣៖ លោកតាឈ្មោះ ឡាក់ គិច អាយុ១០១ឆ្នាំ ភូមិលេខបួនកើត ឃុំអំពិលតាពក ស្រុកអូររាំងឪ
*ទី៤៖ លោកតា ណឹម ស៉ីម អាយុ១០១ឆ្នាំ រស់នៅភូមិអំពិលត្បូង ឃុំអំពិលតាពក ស្រុកអូររាំងឪ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

លោកយាយ និងលោកតា ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។

ពួកគាត់ក៏បានផ្ដាំផ្ញើនូវក្ដីនឹក និងអាណិតស្រលាញ់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោកស្រី ឱ វណ្ណឌីន ផងដែរ។ លោកតា និងលោកយាយបន្ថែម តាំងពីដើម រហូតមកដល់ពេលនេះមិនមានអ្នកណាដឹកនាំល្អដូចសម្ដេចតេជោ ហ៊ុន សែន នោះឡើយ។

បើតាមការសាកសួរ ចំពោះករណីលោកយាយ កៅ ម៉ាស់ ហាក់មានសុខភាពល្អជាងកាលពីពេលមិនទាន់បានចាក់វ៉ាក់សាំង ទាំងការសំរាន និងការហូបចុកប្រចាំថ្ងៃជាដើម ដែលធ្វើឲ្យកូនចៅរបស់គាត់ មានក្ដីសប្បាយរីករាយជាខ្លាំង។

បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ការសម្រេចចិត្តទៅចាក់វ៉ាក់សាំងពីសំណាក់លោកតា និងលោកយាយ ដែលមានជន្មាយុចាប់១០០ឆ្នាំឡើង គឺបង្ហាញពីគំរូមួយដ៏ល្អសម្រាប់មនុស្សពេញវ័យ និងកុមារ ដែលមានអាយុចាប់ពី១២ឆ្នាំ ទៅដល់ក្រោម១៨ឆ្នាំ ដើម្បីទៅទទួលនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នា៕