(រតនគិរី)៖ ក្រុមចោរប្រដាប់អាវុធចំនួន៣នាក់ បានចូលប្លន់ផ្ទះថៅកែទិញ-លក់ ដំឡូងមីស្ថិតក្នុងភូមិ៣ ឃុំត្រពាំក្រហម ស្រុកកូនមុំ ខេត្តរតនគិរី នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ដោយយកលុយអស់ប្រមាណ៩០លានរៀល លុយដុល្លារ៧០០០ដុល្លារ និងចិញ្ចៀនចំនួន២វង់ផងដែរ ប៉ុន្តែម្ចាស់ផ្ទះបានរួចផុតពីគ្រោះថ្នាក់។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ភ្លាមៗក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំត្រពាំងក្រហម និងកម្លាំងនគរបាលស្រុកកូនមុំ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការរុករក និងស្ទាក់ផ្លូវជនសង្ស័យ ព្រមទាំងជូនដំណឹងដល់នគរបាលខេត្តស្ទឹងត្រែង ដើម្បីសហការតាមប្រម៉ាញ់ផងដែរ ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ មិុល សាមឿន អាយុ៤០ឆ្នាំ (ប្តី) និងប្រពន្ធ មឿង សោភ័ណ អាយុ ៣៦ឆ្នាំ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមចោរបានប្រមូលយកលុយអស់ប្រមាណ៩០លានរៀល ប៉ុន្តែមិនបង្ករបួសស្នាមដល់ជនរងគ្រោះនោះទេ ហើយជនសង្ស័យចំនួន៣នាក់ខាងលើ មានម្នាក់អាយុប្រមាណ៤០ឆ្នាំ និងពីរនាក់ទៀតអាយុក្រោម២០ឆ្នាំ ប្រដាប់ដោយអាវុធវែងមួយដើម ខ្លីមួយដើម ចូលក្នុងផ្ទះភ្ជង់ រើកកាយយកទ្រព្យសម្បត្តិតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងតែបើកការស៉ើបអង្កេត ដើម្បីតាមបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ មកផ្តន្ទាសទោសតាមច្បាប់៕