(ភ្នំពេញ)៖ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឬស្សីកែវ សូមអំពាវនាដល់មាតាបិតា និងអាណាព្យាបាលគ្រប់រូប ស្រូតនាំបុត្រធីតារបស់ខ្លួនមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ព្រោះនៅសល់ ៣ថ្ងៃទៀតប៉ុណ្ណោះ និងត្រូវបិទបញ្ចប់ការចាក់វ៉ាក់សាំងដូសទី១ ជូនដល់កុមារ អាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំហើយ ដោយគិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។

ការអំពាវនាវរបស់ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវរូបនេះ បានធ្វើឡើងក្នុងពេលលោកដឹកនាំមន្ត្រី ចុះត្រួតពិនិត្យ និងជម្រុញបន្ថែមដល់អ្នកសម្របសម្រួលនូវមណ្ឌលចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ (មន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ) ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។

លោក ជុំ បាយ័នវិបុល បញ្ជាក់ថា យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចំពោះកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវយកមកជាមួយនូវឯកសារដូចខាងក្រោម៖

*កុមារអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៥ឆ្នាំ សូមយកមកជាមួយនូវសំបុត្រកំណើត សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន

*យុវវ័យចាប់ពីអាយុ១៥ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ត្រូវយកមកជាមួយនូវសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែនភ្ជាប់មកជាមួយ

*ការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាត ឱ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាលាយលក្ខណ៍អក្សរពីសំណាក់៖

* មាតាបិតា និងអាណាព្យាបាល ក្នុងករណីកុមារ ឬយុវវ័យនោះស្នាក់នៅឆ្ងាយពីមាតាបិតា ឬអាណាព្យាបាលតម្រូវឱ្យមាតាបិតា និងអាណាព្យាបាលបំពេញនូវលិខិតព្រមព្រៀងនេះ ជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមកបុត្រធីតា ឬសាច់ញាតិ ដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់

*អ្នកគ្រប់គ្រងចំពោះកុមារកំព្រា ដែលរស់នៅតាមមណ្ឌល
*ក្នុងករណីកុមារ និងយុវវ័យនោះជាជនអនាថា ដែលពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិតប្រាកដ ត្រូវមានលិខិតបញ្ជាក់ចេញ ដោយអាជ្ញាធរមូលដ្ឋាន។

សូមជម្រាបថា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញជូនដំណឹងពីដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការចាប់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ដូសទី១ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១ដល់១៤ ខែសីហា ឆ្នាំ២០២១ និងដូសទី២ ចាប់ផ្តើមពីថ្ងៃទី២២ ខែសីហា ដល់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១៕