(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋរស់នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានសំណូមពរដល់អាជ្ញាធរ និងមន្ត្រីជំនាញ ជួយទប់ស្កាត់ការឈូសឆាយបំផ្លាញដីព្រៃលិចទឹកតំបន់៣ របស់រដ្ឋក្នុងឃុំផ្លូវទូក ដែលនៅសេសសល់តែបន្តិច បន្តួចនេះផង ទុកគ្រាន់ជាជម្រកត្រីពងកូន និងស្នើសុំរកដីឲ្យពួកគាត់សម្រាប់បង្កបង្កើនផលផង។

ប្រជាពលរដ្ឋក្នុងឃុំផ្លូវទូកភាគច្រើន បានលើកឡើងថា ពួកគាត់មានទីលំនៅក្នុងឃុំផ្លូវទូក ដែលពីដើមមករស់នៅលើផ្ទះបណ្ដែតទឹក តាមទន្លេ និងព្រែក។ ដោយគោរពតាមផែនការបម្លាស់ទីរបស់អាជ្ញាធរខេត្ត ពួកគាត់ក៏បានឡើងមក នៅលើគោកវិញតាំងពីឆ្នាំ២០១៨-២០១៩។

អាជ្ញាធរបានចែកដីលំនៅដ្ឋានដល់ពួកគាត់ក្បាល ២០ម៉ែត្រ ជំរៅ១០០ម៉ែត្រ ក្នុងមួយគ្រួសារ។ តែអាជ្ញាធរក៏បានណែនាំ ហាមឃាត់មិនឲ្យពួកគាត់ធ្វើការកាប់ឆ្ការ ឈូសឆាយវៀតយកដីបន្តទៅក្រោយបានទេ ដោយអាជ្ញាធរប្រាប់ថា ហួសពី១០០ម៉ែត្រ ដែលអាជ្ញាធរចែកឲ្យ គឺជាដីព្រៃលិចទឹករបស់រដ្ឋ ហេតុនេះអាជ្ញាធរមិនអនុញ្ញាតឲ្យកាប់ឆ្ការឈូសឆាយ ពង្រីកលើសពី១០០ម៉ែត្របានឡើយ។ អាជ្ញាធរបានសន្យាថា នឹងចែកដីកន្លែងផ្សេងឲ្យពួកគាត់ សម្រាប់បង្កបង្កើនផល។

ដោយគោរពតាមការណែនាំរបស់អាជ្ញាធរ ពួកគាត់ក៏បានកាប់ឆ្ការដីត្រឹមតែអាជ្ញាធរចែកឲ្យ១០០ម៉ែត្រ សម្រាប់ដាំ ដុះបន្លែបង្ការផ្សេងៗតែប៉ុណ្ណោះ។ ដោយរង់ចាំដីដែលអាជ្ញាធរ បានសន្យាចែកឲ្យពួកគាត់សម្រាប់ធ្វើស្រែចំការ ទើបពួកគាត់ទ្រាំរង់ចាំតាមការសន្យារបស់អាជ្ញាធរ ដោយមិនហ៊ានប៉ះពាល់ដីរបស់រដ្ឋនោះឡើយ។

ដោយឡែក អ្នកមានអំណាច និងមានលុយមួយចំនួនពួក គេបាននាំគ្នាយកគ្រឿងចក្រឈូសឆាយវាតយកដីរបស់រដ្ឋ តាមអំពើចិត្ត ចំណែកប្រជាពលរដ្ឋក្រីក្រគោរពច្បាប់មិនហ៊ានប៉ះពាល់សម្បត្តិរដ្ឋ គឺនៅតែមិនមានដីបង្កបង្កើន ផលដដែល។

ពួកគាត់ជាប្រជាពលរដ្ឋមិនហ៊ានច្រណែននឹងពួកគេ ហើយក៏មិនហ៊ានហាមឃាត់ពួកគេនោះដែរ គឺមានតែការលើកដៃសំពះស្នើសុំដល់លោកអភិបាលខេត្ត ដែលទើបនឹងឡើងកាន់តំណែងថ្មី សូមឲ្យលោកមេត្តាជួយផ្តល់ដីខ្លះ ចែកឲ្យពួកគាត់គ្រាន់បានបង្កបង្កើនផលចិញ្ចឹមជីវិតតែប៉ុណ្ណោះ។ ព្រោះពួកគាត់៩០ភាគរយ ជាពលរដ្ឋបម្លាស់ទីផ្ទះបណ្ដែតទឹកមករស់នៅលើគោកមិនមានដីធ្លីសម្រាប់បង្កបង្កើនផលនោះទេ។

ពាក់ព័ន្ធករណីខាងលើនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរសព្ទឲ្យដឹងថា ករណីដែលមានការលួចឈូសឆាយដីព្រៃលិច ទឹករបស់រដ្ឋនៅចំណុចឃុំផ្លូវទូក ស្រុកកំពង់លែង ក្រោយពីក្រុមអ្នកសារព័ត៌មានបានរាយការណ៍ជូនលោក លោកក៏បានចាត់ឲ្យមន្ត្រីជំនាញ ចុះស្រាវជ្រាវរកមុខសញ្ញានិងបានរកឃើញមានការឈូសឆាយបំផ្លាញដីព្រៃលិចទឹក របស់រដ្ឋចំនួន២០ហិកតា ចំណែកអ្នកប្រព្រឹត្តបានកសាងសំណុំរឿងបញ្ជូនមកតុលាការហើយ។

ចំពោះអ្នកដែលបានពាក់ព័ន្ធឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ ក្នុងនោះមានទាំងក្រុមប្រឹក្សាឃុំផ្លូវទូកមួយចំនួនផង លោកក៏បានកោះហៅយកមកអប់រំណែនាំ និងធ្វើកិច្ចសន្យា ដោយឲ្យបញ្ឈប់មិនឲ្យមានការឈូសឆាយទន្ទ្រាន ដីព្រៃលិចទឹករបស់រដ្ឋជាបន្តទៀត និងហាមដាច់ខាតមិនឲ្យមានគ្រឿងចក្រពីក្រៅស្រុក ចូលមកក្នុងមូលដ្ឋានឃុំផ្លូវ ទូកនោះទៀតផង។ រីឯដីរបស់រដ្ឋទាំងអស់ដែលត្រូវបានក្រុមជនខិលខូចលួចឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិ ត្រូវដកមកទុកជាសម្បត្តិរដ្ឋវិញ។ ចំពោះប្រជាពលរដ្ឋនៅក្នុងឃុំផ្លូវទូក ស្នើសុំដីសម្រាប់បង្កបង្កើនផល លោកនឹងយកសំណើនេះទៅឆ្លងយោបល់ជាមួយនឹងលោកអភិបាលខេត្តសិន៕