(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហាញជំហរគាំទ្របេសកកម្មប្រសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងការវិលទៅរកជីវភាពធម្មតាវិញ របស់ប្រទេសមួយនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍ នៅលើ Facebook របស់ប្រមុខការទូតកម្ពុជា។

ការបង្ហាញការគាំទ្ររបស់ លោក ប្រាក់ សុខុន បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសបានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក ដាតូ អ៉ីរីវ៉ាន់ ពើហ៉ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម តាមប្រព័ន្ធវីដេអូ។

លោក ប្រាក់ សុខុន បានសរសេរក្នុងសេចក្តីថ្លែងការណ៍ថា លោកបានឆ្លៀតឱកាសនេះដើម្បីអបអរសាទរជាថ្មីម្តងទៀត ដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាន ប្រកបដោយភាពជោគជ័យ និងដែលលោក ដាតូ អ៉ីរីវ៉ាន់ ពើហ៉ីន យូស៊ូហ៍ ត្រូវបានតែងតាំងជា ប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា។

ភាគីទាំងពីរ បានផ្លាស់ប្តូរមតិ និងយោបល់មួយចំនួន ដើម្បីអនុវត្តឱ្យបានល្អនូវការព្រមព្រៀងជាឯកឆន្ទ ៥ចំណុច ដែលមេដឹកនាំអាស៊ានបានអនុម័តនៅខែមេសាកន្លងទៅ។

ប្រមុខការទូតកម្ពុជាបន្ថែមថា «ខ្ញុំក៏បានគូសបញ្ជាក់ពីការ គាំទ្រយ៉ាងមុតមាំរបស់ខ្ញុំ ចំពោះបេសកកម្មរបស់គាត់ និងចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងការវិលទៅរកជីវភាពធម្មតាវិញរបស់មីយ៉ាន់ម៉ា ក៏ដូចជាផលប្រយោជន៍រួមនៃគ្រួសារអាស៊ានរបស់យើង»

សូមបញ្ជាក់ថា លោក ដាតូ អ៉ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន លើបញ្ហាប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២១ ដែលក្រសួងការបរទេសកម្ពុជា បញ្ជាកថា ជាបោះជំហានទៅមុខដ៏សំខាន់ឆ្ពោះទៅកាន់ការអនុវត្តការឯកភាព ជាឯកច្ឆន្ទប្រាំចំណុច ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១៕