(បាត់ដំបង)៖ លោក អ៊ុយ រី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ នាំយក ទេយ្យទានគ្រឿងបរិក្ខា ប្រគេនជូនព្រះសង្ឃចំនួន ១៥៤អង្គ ដែលកំពុងជួបការលំបាកក្នុងផ្គត់ផ្គង់ចង្ហាន់ ខណៈដែលកំពុងគង់ចាំព្រះវស្សា និងកំពុងធ្វើចត្តាឡីស័ក ក្រោយពេលប៉ះពាល់ប្រយោលនិងផ្ទាល់ ជាមួយព្រះសង្ឃ ១អង្គ ដែលមានវិជ្ជាមានកូវីដ-១៩ នៅវត្តពោធ្យារាម ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
លោក អ៊ុយ រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច ទាំងទ្វេ តែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់ទិសទី សម្តេចតែងបានចាត់តំណាងចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក បានទាន់ពេលវេលា តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
គូបញ្ជាក់ឲ្យដឹងថា ព្រះសង្ឃដែលត្រូវធ្វើចត្តាឡីស័ក មានចំនួន១៥៤អង្គ ដែលជាអ្នកប៉ះពាល់ដោយប្រយោល និងផ្ទាល់ ជាមួយព្រះសង្ឃ១អង្គ ដែលកើតជំងឺកូវីដ១៩ ហើយ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី០៩ ខែសីហា នឹងត្រូវបញ្ចប់ចត្តាឡីស័កនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។
ក្រោយរកឃើញព្រះសង្ឃ១អង្គ វិជ្ជាមានកូវីដ-១៩ ខាងលើនោះភ្លាម រដ្ឋបាស្រុកបានរៀបចំវិធានការទប់ស្កាត់ដោយនិមន្តព្រះសង្ឃ១អង្គ ដែលវិជ្ជាមានទៅព្យាបាលនៅ
ក្នុងកុដិដាច់ដោយឡែក ។ ដោយឡែកព្រះសង្ឃប៉ះពាល់ផ្ទាល់ និងប្រយោលត្រូវបិទខ្ទប់ក្នុងបរិវេណវត្តពោធ្យារាម ដោយមិនអនុញ្ញាតឲ្យនិមន្តចេញក្រៅវត្តនោះទេ ពោលគឺ រង់ចាំរយៈពេល ១៤ថ្ងៃ ទើបអនុញ្ញាតឲ្យបើកវត្តធម្មតាឡើងវិញ។
លោក អ៊ុយ រី បានបន្ថែមថា ការធ្វើចត្តាឡីស័កនេះ គឺស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩ ។
លោកក៏បានកោតសរសើរ ដល់អាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខដល់ ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័ក និងបានរាយការណ៍ ជូនរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីនាំយកទេយ្យទាន និងអំណោយមកប្រគេនព្រះសង្ឃ បានទាន់ពេលវេលា បើទោះបីជាគ្រឿងបរិក្ខានេះ មិនមានច្រើនក៏ពិតមែន ក៏ប៉ុន្តែវាអាចដោះស្រាយជីវភាព ចង្ហាន់បានមួយរយៈពេលផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានផ្តាំផ្ញើទៅព្រះសង្ឃទាំងអស់ សូមនិមន្តទៅទទួលការចាក់វ៉ាក់សាំងបង្ការទាំងអស់គ្នា ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩នេះ ទៅក្នុងសហ
គមន៍ ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។
គួរបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនព្រះសង្ឃចំនួន១៥៤អង្គខាងលើ ទទួលបាន អង្ករ ១០ការ៉ុង (២៥០kg) ទឹកបរិសុទ្ធវីឃែរ ២០កេស មី៥កេស ទឹកត្រី ទឹកស៊ីអ៊ីវ ២០យួរ ត្រីងៀត ១០គីឡូក្រាម ម៉ាស់ ៤ប្រអប់ ទឹកអាល់កុល ១ដប និងបច្ច័យចំនួន ៥០ម៉ឺនរៀល ក្នុងនោះអនុសាខាស្រុកមោងឬស្សីបានបន្ថែម ស្ករស ចំនួន២០kg ទឹកដោះគោខាប់ ១កេសផងដែរ៕