(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ប្រភេទ អាស្ត្រាហ្សែនីកា ជូនដល់អ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ នៅមន្ទីរពេទ្យកុមារជាតិ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
បើតាមសេចក្តីជូនដំណឹងរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានបញ្ជាក់ថា «ចំពោះអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងស៉ីណូហ្វាម ឬស៉ីណូវ៉ាក់ ដូសទី១ និងដូសទី២ រួចរាល់សូមអញ្ជើញទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សែនីកា ដូសជំរុញ ឬដូសទី៣ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៨៖០០នាទីដល់ម៉ោង ១១៖០០នាទី និងពេលរសៀល ចាប់ផ្តើមពី១៤៖០០ ដល់ម៉ោង១៧៖០០នាទី»។
សូមជម្រាបថា អ្នកសារព័ត៌មានត្រូវបានស្ថិតនៅក្នុងចំណោមជនអាទិភាព ដែលត្រូវទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដោយហេតុតែ អ្នកសារព័ត៌មាន ជាជនដែលសកម្មហើយចល័តគ្រប់ទីកន្លែង ដើម្បីប្រមាញ់ព័ត៌មានជូនសាធារណជន។
យោងតាមក្រសួងព័ត៌មាន, បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព ចំនួន ៣១០ គេហទំព័រ និងទូរទស្សន៍អនឡាញចំនួន ៤០០ ស្ថានីយ៍ទូរទស្សន៍ចំនួន ២០០ ស្ថានីយ៍វិទ្យុចំនួន ២២១ និងការិយាល័យតំណាង ២២ នៃភ្នាក់ងារសារព័ត៌មានបរទេស ទូរទស្សន៍ និងវិទ្យុរួមទាំងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ផងដែរ។ ក្រសួងព័ត៌មាន បានចេញប័ណ្ណព័ត៌មានជូនអ្នកសារព័ត៌មានជាតិ បានចំនួនជាង៣ពាន់ប័ណ្ណផងដែរ៕