(កោះកុង)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានថ្លែងថា ទោះបីជាយើងបានចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ចំនួន៣ដូសហើយក៏ដោយ បើមិនមានការប្រុងប្រយ័ត្ន គ្មានអនាម័យ ហើយមិនអនុវត្តន៍នូវអនុសាសន៍ របស់រាជរដ្ឋាភិបាលនូវិធានការ ៣ការពារ ៣កុំទេ ជំងឺកូវីដ១៩ នៅតែអាចឆ្លងបានជាមិនខាន ហើយមានតែការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាប់ជានិច្ច ទើបអាចជៀសផុតពីជំងឺកូវីដបាន។
លោក ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសចុះពិនិត្យសកម្មភាពការចាក់វ៉ាក់សាំង AstraZeneca ដូសលើកទី៣ របស់អនុគណៈកម្មការចំពោះកិច្ច ការរៀបចំចាក់វ៉ាក់សាំងកូវីដ១៩ ដែលបានរៀបចំចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការជួរមុខ និងកម្លាំងសមត្ថកិច្ច ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមអមដំណើរ ដោយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង។
លោក ម៉ម ប៊ុនហេង បានបន្ថែមថា ដើម្បីអនុវត្តន៍ឲ្យស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំដើម្បីបង្កើនឲ្យមានប្រសិទ្ធិភាពខ្ពស់ លោកបានខិតខំប្រឹងប្រែង ដើម្បីប្រជាជន និងប្រទេសជាតិ ជាពិសេសសម្តេចបានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះអាយុជីវីត ប្រជាពលរដ្ឋ ដែលកំពុងមានហានិភ័យ ចំពោះជំងឺឆ្លងកូវីដ១៩ ដែលជាជំងឺឆ្លងសកលនៅលើកពិភពលោក ដែលកំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងបំផុត។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបន្តថា ទោះបីមន្ត្រីរាជការកងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋក៏ដោយ ទោះបីបានចាក់ថ្នាំវ៉ាក់សាំងការពារកូវីដ១៩ ដូសទី៣ រួចរាល់ហើយ សូមអនុវត្តន៍នូវអនុសាសន៍របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការការពារទប់ស្កាត់កូវីដ១៩ ៣ការពារ ៣កុំ និងថែរក្សា អនាម័យបរិស្ថាន រក្សាគម្លាតពីគ្នាចាប់ពី ១.៥ម៉ែត្រ កាត់បន្ថយការជួបជុំ កុំទៅទីកន្លែងទីប្រជុំជន ត្រូវផ្អាកការរៀបចំអាពាហ៍ពិពាហ៍ ជួបជុំមិត្តភ័ក្ភផឹកស៊ីមានគ្នាច្រើន ហើយត្រូវលាងដៃជាមួយអាកុល ឬជេលឲ្យញឹងញាប់ជានិច្ច មិនត្រូវមានការធ្វេសប្រហែសឡើយ។
លោកស្រី មិថុនា ភូថង បានឱ្យដឹងដែរថា បើប្រជាពលរដ្ឋស្រលាញ់ក្រុមគ្រួសារត្រូវចូលរួមទប់ស្កាត់ ការពារកុំឲ្យមានការឆ្លងកូវីដ១៩ កុំឲ្យមានការរីករាលដាល ឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារ សូមបងប្អូនអនុវត្តន៍តាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងការណែនាំអប់រំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ទាំងអស់គ្នា ព្រោះថាជំងឺកូវីដ១៩នេះ មានហានិភ័យណាស់វាអាចឆកយកអាយុជីវិតបាន៕