(ព្រះវិហារ)៖ លោក ឈឿន មុនី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ តំណាងលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងកោតសរសើរដល់អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រះវិហារ ដែលបានរួមសហការគ្នាយ៉ាងល្អ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ស្របតាមទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ឈឿន មុនី បានថ្លែងឲ្យដឹងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះថា ក្នុងតួនាទីជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និងតួនាទីជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ប្រចាំការនៅខេត្តព្រះវិហារ តំណាងលោកទេសរដ្ឋមន្ត្រី មាស សុភា លោកតែងតែចុះតាមមូលដ្ឋាននានាក្នុងខេត្តជាប់ជាប្រចាំ តាមដានសភាពការណ៍ទូទៅ ពិសេសស្ថានភាពការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ឆ្លងតាមការចុះពិនិត្យជាក់ស្តែង លោកអាចវាយតម្លៃខ្ពស់លើការអនុវត្តន៍តួនាទី ភារកិច្ច របស់អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ មានការទទួលខុសត្រូវខ្ពស់ ពោលគឺរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញជាបន្តបន្ទាប់ ក្នុងទិសដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ គឺអនុវត្តន៍បានជោគជ័យទាំងអស់។

លោកបន្តថា លោកទេសរដ្ឋមន្ត្រីមាស សុភា ក្នុងឋានៈជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ តែងតែគិតគូរណាស់អំពីសុខទុក្ខរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ស្របពេលជំងឺកូវីដ១៩ កំពុងតែឆ្លងរាលដាលទូទាំងខេត្ត។ ក្នុងទិសដៅ ចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងខេត្តព្រះវិហារ ក៏ដូចជាការលើកទឹកចិត្តដល់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធទាំង៣ លោកតែងតែនាំនូវអំណោយ ទៅប្រគល់ជូនជាហូរហែរផងដែរ។

តំណាងលោកទេសរដ្ឋមន្ត្រីមាស សុភា ក៏បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារទាំងអស់ ត្រូវបន្តការពារខ្លួនជានិច្ចកុំឲ្យឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តន៍បានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារនិងសហគមន៍យើង៕