(សៀមរាប)៖ អ្នកស្រី ហឿ តុត ប្រកបរបរធ្វើក្រឡានលក់អស់រយ:ពេល២៥ឆ្នាំមកហើយ ដែលរបរនេះ អាចចិញ្ចឹមកូនបាន៦នាក់បានសុខស្រួល។ ក្រៅពីនេះ ក៏បានជួយឱ្យអ្នកស្រី មានថវិកាសម្រាប់ធ្វើបុណ្យទានមួយផ្នែកទៀតផងដែរ។

ជារៀងរាល់ថ្ងៃអ្នកស្រី ហឿ តុត ចេញពីផ្ទះចាប់ពីម៉ោង ១០កន្លះព្រឹក ហើយជិះកង់ឌុបល្អីដាក់ក្រឡានទៅលក់ នៅមុខប្រាសាទអង្គរវត្ត នៅប៉ែកខាងលិច។

កំពុងឈរលក់ក្បែរកង់ដឹកក្រឡាន អ្នកស្រី ហឿ តុត មានលំនៅឋានក្នុងភូមិគោកបេង ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប បានប្រាប់ថា ក្នុងនាមជាស្រ្ដីមេម៉ាយ របរនេះអាចឱ្យអ្នកស្រីចិញ្ចឹមកូនទាំង៦នាក់បានយ៉ាងសុខស្រួល ទោះបីមានភាពនឿយហត់បន្ដិចបន្ដួចយ៉ាងណាក្ដី។

និយាយទាំងញញឹមញញែម ស្រី្ដវ័យ ៦២ឆ្នាំរូបនេះ បានរៀបរាប់ថា របរនេះអ្នកស្រីត្រូវទិញសម្ភារ និងរបស់របរពីគេទាំងស្រុង រាប់ទាំងអង្ករដំណើប ឫស្សី និងគ្រឿងផ្សំផ្សេងៗ។ ក្រឡានដែលអ្នកស្រីធ្វើលក់ មានតម្លៃចាប់ពី ១ពាន់រៀល ២ពាន់រៀល និង៣,៥០០រៀល ហើយក្នុងមួយថ្ងៃអ្នកស្រីចំណេញបាន ៣ម៉ឺនរៀល ទៅ ៥ម៉ឺនរៀល។ ប្រាក់ដែលចំណេញ អ្នកស្រីដកទិញអង្ករ និងត្រីសាច់ និងខ្លះទៀតឱ្យកូនរៀន ហើយសល់ប៉ុន្មាន អ្នកស្រីសន្សំខ្លះ ក្រែងមានតម្រូវការផ្សេងៗនៅក្នុងគ្រួសារឬក៏ទៅធ្វើបុណ្យជាដើម។

យ៉ាងណាក៏ដោយ សព្វថ្ងៃនេះ ដោយសារវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យការលក់ក្រឡានរបស់អ្នកស្រី ហឿ តុត មិនសូវដាច់ច្រើនដូចពេលមុនឡើយ។ អ្នកស្រីប្រាប់ថា សព្វថ្ងៃ អ្នកស្រីលក់ក្រឡានបានតែ ៨គីឡូតែប៉ុណ្ណោះ ខណៈពេលមុនលក់បាន ១៥គីឡូ គឺថយចុះពាក់កណ្ដាល៕