(កំពង់ឆ្នាំង)៖ រដ្ឋបាលសាលាស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានចេញសេចក្តីបំភ្លឺថា ពិតជាមានការលួចចូលទន្ទ្រានដីព្រៃលិចទឹកពេលយប់ នៅតំបន់ត្រពាំងត្រស់ ជាប់ព្រំប្រទល់ភូមិល្បើក និងភូមិកំពង់អួរ ឃុំខុនរ៉ង ពិតប្រាកដមែន, ខណៈជនសង្ស័យចំនួន០៤នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តអស់ហើយ។ នេះបើតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ។

សេចក្តីជូនដំណឹងនេះ ធ្វើទ្បើងបន្ទាប់ពីមានការចុះផ្សាយតាមបណ្ដាញសង្គម ដោយបង្ហោះរូបភាពអមដោយខ្លឹមសារថា ដីព្រៃលិចទឹកត្រូវបានគេឈូសរំលោភយក នៅសល់តែស្លាកហាមឃាត់។

ក្នុងសេចក្តីបំភ្លឺរបស់រដ្ឋបាលសាលាស្រុកបរិបូរណ៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កន្លងមកនេះ ពិតជាមានការលួចចូលទន្ទ្រានដីព្រៃលិចទឹកពេលយប់ នៅតំបន់ត្រ ពាំងត្រស់ ជាប់ព្រំប្រទល់ភូមិល្បើក និងភូមិកំពង់អួរ ឃុំខុនរ៉ង ពិតប្រាកដមែន។ កម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុក និងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យចុច GPS លើផ្ទៃដីដែលបានខូចខាតឃើញមានទំហំប្រហែល ២៦ហិកតា ដោយបានបោះស្លាកហាមឃាត់ ៦ស្លាក និងកំណត់មុខសញ្ញាជនល្មើសចំនួន៤នាក់ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការអស់ហើយ។

រដ្ឋបាលសាលាស្រុកបរិបូរណ៌ បានបន្ថែមថា កន្លងមកនេះអភិបាលស្រុកបានយកចិត្តទុក ដាក់នូវការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងទោសទណ្ឌប្បញ្ញត្តិផ្សេងៗ ជូនដល់គណៈបញ្ជាការឯកភាពរដ្ឋបាលឃុំ ពិសេសតែងតែដឹកនាំ កម្លាំងចម្រុះចុះពិនិត្យមើលផ្ទៃដីលិចទឹកជាប់ជាប្រចាំ នៅគ្រប់តំបន់ទាំងអស់ធ្វើយ៉ាងណា រួមចំណែកថែរក្សាការពារព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន ឲ្យខានតែបានដាច់ខាត ទោះបីមិនបានទាំងស្រុងក៏ដោយ។

ជាមួយគ្នានេះដែរ រដ្ឋបាលស្រុកបរិបូណ៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្ដាញសង្គមហ្វេសប៊ុក ទាំងអស់ដែលបានចូលរួមផ្ដល់ព័ត៌មាន ក្នុងន័យរិះគន់ស្ថាបនា ព្រោះរាល់ការផ្ដល់ព័ត៌មានដែលមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយជាយន្តការ ក្នុងការជួយជំរុញដល់ការអនុវត្តតួនាទីភារកិច្ចរបស់គណៈអភិបាលស្រុក ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

សូមរំឮកផងដែលថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ក្រុមអ្នកសារព័ត៌មានមួយក្រុមមានគ្នា៤នាក់ បានទៅថតផ្តិតយករូបភាពដោយផ្ទាល់ និងថតដោយត្រូន ដីព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រភូមិល្បើក និងភូមិកំពង់អួរ ក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៌។ ដោយឃើញរូបភាព មានស្លាកហាមឈូសឆាយដីព្រៃលិចទឹកជាប់នឹងដើមឈើមួយដើមរីឯនៅជុំវិញដើមឈើ ត្រូវបានគេឈូសឆាយ ខ្លះឃើញក្លាយទៅជាស្រែ និងដីព្រៃលិចទឹកខ្លះទៀត ឃើញស្នាមទើបតែឈូសថ្មីៗក៏មាន។

អ្នកសារព័ត៌មានបានបញ្ជាក់ថា គ្មានចេតនាបន្ទោសបង្អាប់ដល់រដ្ឋអំណាច ឬមន្ត្រីជំនាញនោះទេ គឺគ្រាន់តែចង់បង្ហាញពីការរិចរិលព្រៃលិចទឹក ដែលចេះតែហិនហោចពីមួយឆ្នាំទៅមួយឆ្នាំ ម្តងបន្តិចៗ ពីសំណាក់ជនខិលខូច ដែ លប្រើរូបភាពឈ្លាតឱកាសទាំងថ្ងៃទាំងយប់តែប៉ុណ្ណោះ។ ហើយមិនមែនតែតំបន់មួយនេះទេ គឺមានគ្រប់តំបន់ដែលមានព្រៃលិចទឹកត្រូវបានជនឱកាសនិយមមួយចំនួនលួចឈូសឆាយ។

ក្រុមអ្នកសារព័ត៌បានសង្ឃឹមថា ជនខិលខូចដែលតែងតែបំពាន្តច្បាប់នឹងត្រូវទទួលទោសចំពោះមុខច្បាប់ ជាមួយគ្នានេះ ដីព្រៃលិចទឹកនឹងត្រូវបានមកជាសម្បត្តិរដ្ឋវិញ លែងជាកម្មសិទ្ឋបុគ្គល ជាក់ជាពុំខានឡើយ៕