(កំពង់ធំ)៖ បន្ទាប់ពីមានការសម្របសម្រួលពីថ្នាក់ដឹកនាំ ទីបំផុត! ប្រជាពលរដ្ឋនៅឃុំម្សាក្រង ស្រុកស្ទោង និងប្រជាពលរដ្ឋនៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលត្រូវបានសមត្ថកិច្ចចុះចាប់ត្រាក់ទ័រកាលពីអំលុងខែកក្កដា ឆ្នាំ២០២១នោះ បានទទួលត្រាក់ទ័ររបស់ខ្លួនមកវិញគ្រប់គ្នាហើយ ដោយពួកគាត់មានភាពសប្បាយរីករាយ និងបានគោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំ ដែលបានជួយឱ្យពួកគាត់ទទួលបានត្រាក់ទ័រមកវិញ ដើម្បីបម្រើដល់ការធ្វើស្រែចម្ការបន្តទៀត។
ជាប្រជាពលរដ្ឋរស់នៅឃុំម្សាក្រង ស្រុកស្ទោង លោក អ៉ីម ឃីម ជាម្ចាស់ត្រាក់ទ័រ ១ គ្រឿង ដែលត្រូវសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំចុះរឹបអូស កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនោះ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះថា នៅល្ងាចថ្ងៃម្សិលមិញ ខាងខណ្ឌរដ្ឋបាលជនផលកំពង់ធំបានសម្រសបម្រួលប្រគល់ត្រាក់ទ័រជូនលោកវិញហើយ។ នៅពេលបើកត្រាក់ទ័រទៅដល់ផ្ទះ ក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងភូមិពិតជាមានការអបអរសាទរយ៉ាងខ្លាំង។
ជាមួយគ្នានោះ លោក អ៉ីម ឃីម ក៏បានថ្លែងថា «ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ដែលតែងតែខិតខំយកចិត្តទុកដាក់ដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋ ទោះបីជារវល់នឹងកិច្ចការទប់ស្កាត់កូវីដក៏ដោយ តួយ៉ាងដូចជាបញ្ហារបស់គ្រួសារខ្ញុំបាទ អ៉ីម ឃីម ជាប្រជាពលរដ្ឋរស់នៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលត្រូវបានសមត្ថកិច្ចចាប់យកត្រាក់ទ័រនាពេលកន្លងមក ប៉ុន្តែដោយមានការជួយដោះស្រាយពីថ្នាក់ដឹកនាំ គ្រួសារខ្ញុំបាទក៏ទទួលបានត្រាក់ទ័រមកវិញ និងមិនតម្រូវឱ្យបង់ប្រាក់ផាកពិន័យនោះឡើយ»។
នៅស្រុកប្រាសាទបល្ល័ង្កឯណោះវិញ គ្រួសាររបស់លោក ផន ភឿន ម្ចាស់ត្រាក់ទ័រ ១ គ្រឿង និងគ្រួសាររបស់លោក លាម ឈាន់ ម្ចាស់ត្រាក់ទ័រ ១ គ្រឿងដែរ ក៏បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ លោក សូរហ៊ាន ឆេងអាន ដែរថា ពួកគាត់បានទទួលត្រាក់ទ័រយកមកដល់ផ្ទះវិញ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។
ទាំងគ្រួសារលោក អ៉ីម ឃីម គ្រួសារលោក ផន ភឿន និងគ្រួសារលោក លាម ឈាន់ សុទ្ធតែបានគោរពបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ សិរីសួស្ដី មហាប្រសើរ គោរពជូនដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំផងដែរ ហើយក្រុមគ្រួសាររបស់ពួកគាត់ក៏ប្ដេជ្ញានៅតែបន្តគាំទ្រសម្ដេចតេជោតទៅមុខទៀត៕