(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានចេញសេចក្តីណែនាំស្តីពីការងារចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ជូនយោធិន និងប្រពន្ធ ឬប្តី ក្នុងអគ្គនាយកដ្ឋានយោធសេវា និងអង្គភាពចំណុះ។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ។
ដើម្បីធានាឱ្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ឬដូសទី ជូនយោធិន និងប្រពន្ធឬប្តី ក្នុងអគ្គនាយកដ្ឋានយោធសេវា និងអង្គភាពចំណុះ ដំណើការដោយរលូន មានសណ្តាប់ធ្នាប់ល្អ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» អគ្គនាយកដ្ឋានយោធសេវា សូមណែនាំដល់ប្រធានអង្គភាពចំណុះអគ្គនាយកដ្ឋានយោធសេវាដូចខាងក្រោម៖
ទី១៖ នាយកដ្ឋាននីមួយៗត្រូវចាត់តាំងនាយករង ០១រូប និងនាយបុគ្គលិកទទួលខុសត្រូវសម្របសម្រួលការងារចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ជូនយោធិន និងប្រពន្ធ ឬប្តី ក្នុងនាយកដ្ឋានរបស់ខ្លួននៅកន្លែងចាក់វ៉ាក់សាំង នៅអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ (កន្លែងធ្វើតេស្ត Rapid Test) ចំពោះពេលវេលាចាក់វ៉ាក់សាំងកូវីដ១៩ អគ្គនាយកដ្ឋានយោធសេវា សូមបែងចែកដូចខាងក្រោម៖
*អគ្គនាយកដ្ឋានយោធសេវា នាយកដ្ឋានអប់រំ និងនាយកដ្ឋានសោធននិវត្ត ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
*នាយកដ្ឋានព័ត៌មាន និងនាយកដ្ឋានកិច្ចការយោធាស៊ីវិលដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
ទី២៖ មជ្ឈមណ្ឌលយោធិនពិការ៣១៧ កោះស្លា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប ប្រធានអង្គភាពត្រូវរៀបចំទីកន្លែង និងពេទ្យរបស់អង្គភាព សម្រាប់ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ជូនយោធិន៍ និងប្តី ឬប្រពន្ធ ក្នុងអង្គភាពរបស់ខ្លួនចំពោះវ៉ាក់សាំងកូវីដ១៩ ដែលត្រូវចាក់ អគ្គនាយកដ្ឋានយោធសេវា នឹងសម្របសម្រួលជាមួយមន្ទីរពេទ្យព្រះកេតុមាលាដឹកជញ្ជូនទៅដល់អង្គភាព។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃ ចូលស្រុកខ្មែរវិញ។ ដោយឡែក ការចាក់ជូនកងទ័ព និងគ្រួសារកងទ័ព ត្រូវប្រគល់សមត្ថកិច្ចជូនក្រសួងការពារជាតិ។
ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់រួចហើយ។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតដើម្បីបន្តចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសទាំងអស់ផងដែរ៕